Man City ឈ្នះ​ជា​លើក​ទី18ជាប់ៗគ្នា​ដោយសារ Sterling

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី1របស់​ខ្សែបម្រើ​ស្លាប Raheem Sterling បាន​ជួយ​ឲ្យ​ក្រុម Manchester City បន្ត​កំណត់ត្រា​ឈ្នះ​របស់ខ្លួន ក៏ដូចជា​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​ផ្តួល​ក្រុម​ផ្តោត​តែ​លើ​តំបន់​ការពារ Newcastle United ក្នុង​លទ្ធផល 1-០ កាលពី​ថ្ងៃ​ពុធ។

ជ័យជម្នះ​នេះ ពិតជា​បានកើត​ឡើង​ទាំង​ភាពស្វិតស្វាញ ខណៈដែល​ក្រុម Newcastle បាន​ផ្តោតទៅលើ​តំបន់​ការពារ​ទាំងស្រុង និង​មិន​បោះបង់​ឡើយ បើទោះបី​មានការ​វាយ​សម្រុក​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​របស់លោក Pep Guardiola ក៏ដោយ។ គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​ទី31របស់ Sterling បានធ្វើ​ឲ្យ​ក្រុម Man City បន្ថែម​ការនាំ​មុខរប​ស់​ពួកគេ​រហូតដល់​ទៅ15ពិន្ទុ​លើ​ក្រុម​ឈរ​លេខ2 Manchester United ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម Burnley កាលពី​ថ្ងៃ​អង្គារ។

ក្លិប​តែមួយ​ក្នុងចំណោម​ក្របខ័ណ្ឌ​លី​ក​ដ៏​ធំ​បំផុត​ទាំង5របស់​អឺរ៉ុប ដែលមាន​កំណត់ត្រា​ឈ្នះជាប់ៗគ្នាច្រើន​ជាងគេ​គឺ Bayern Munich ដែល​បាន​កត់ត្រា​ជ័យជម្នះ19លើកជាប់ៗគ្នា​ក្រោម​ការដឹកនាំ​របស់លោក Guardiola ដូចគ្នា​ក្នុង​រដូវ​កាល​ឆ្នាំ2013-2014។ Man City អាច​តាម​ស្មើ​កំណត់ត្រា​របស់​ក្រុម Bayern ក្នុងការ​ប្រកួត​បន្ទាប់​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Crystal Palace នា​ថ្ងៃទី31 ខែធ្នូ។ Man City ក៏បាន​តាម​ស្មើ​កំណត់ត្រា​នៃ​ការ​ឈ្នះ​ក្រៅ​ទឹកដី​ចំនួន11លើកជាប់ៗគ្នា​ផងដែរ ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ខណៈដែល​កំណត់ត្រា​នោះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម Chelsea កាលពី​ឆ្នាំ2008៕

ប្រភពពី៖ The Guardian

Advertisement