ក្រុម​បាល់ទះ​បុរស​កម្ពុជា «ខូចចិត្ត» មុន​ស៊ី​ហ្គេម​​ តែ​​ដាក់​គោល​ដៅ​យក​មេដាយ​មាស​ទី​ពីរ​រាប់ពី​ឆ្នាំ 1965

បរាជ័យ​នៅ​ចំពោះមុខ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្នុងការ​ប្រកួត​ដំបូង​នៅ​ពានរង្វាន់​បាល់ទះ Tri Nation Cup 2023 គឺជា​រឿង​ដ៏​គួរឱ្យ​សោកស្ដាយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ប៉ុន្តែ​ការសោកស្ដាយ​ជាង​នេះ​គឺ​ការ​ចាញ់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម 32 ឬ 32nd SEA Games ឬ 32nd Southeast Asian Games) ដែល​នឹង​ធ្វើឡើង​ក្នុង​ខែឧសភា 2023 នៅ​កម្ពុជា ភាគី​ខាង​ម៉ាឡេស៊ី​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រកួត​បាត់​ទះ​មិត្តភាព​អន្តរជាតិ​ដែលមាន​ឈ្មោះថា Malaysia Tri Nation Invitational Friendly 2023។

ក្រោយ​ការប្រកួត​បាន​បួន​ថ្ងៃ ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ក្រុម A បាន​លើក​ពាន​ជើងឯក ខណៈ​ក្រុម​កម្ពុជា​ជាប់​លេខ​ពីរ បន្ទាប់មក​គឺ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក្រុម B។

ក្រុម​បាល់ទះ​កម្ពុជា​ចាញ់​ក្រុម​ម៉ាឡេស៊ី​ (ដែលជា​ក្រុម​ឈរ​បាត​តារាង​ចំណាត់ថ្នាក់​នៅ​ស៊ី​ហ្គេម 31) នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក៏ប៉ុន្តែ ក្រុម​កម្ពុជា​ខាងលើ​គ្រាន់តែ​ជា​ក្រុម​ដែល​គ្រូបង្វឹកជនជាតិ​ចិន Jun Li និង​ជំនួយការ​របស់លោក​ម​ក​ពី​គុយបា យកមក​ធ្វើការ​សាកល្បង​​កម្លាំង​ប៉ុណ្ណោះ។ ចំណែក​សមាសភាព​រប​ស់​ក្រុម​ផ្លូវការ​នៅតែ​ត្រូវបាន​រក្សា​ការណ៍​សម្ងាត់​​​ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម 32។

នៅ​ស៊ី​ហ្គេម​​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនេះ កម្ពុជា​ដាក់​គោលដៅ​ខ្ពស់បំផុត​គឺ​មេដាយមាស​ប្រវត្តិសាស្ត្រ។ កម្ពុជា​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​កាលពី​ឆ្នាំ 1965 មុនពេល​ឈ្មោះ​ស៊ី​ហ្គេម​បង្ហាញ​វត្តមាន​ចាប់ពី​ឆ្នាំ 1977។ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​នៅ​អាស៊ីអាគ្នេយ៍​កាលណោះដែល​ត្រូវបាន​ហៅថា ព្រឹត្តិការណ៍​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ (Southeast Asian Peninsular – SEAP Games) ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បានឈ្នះ​ក្រុម​ថៃ 3-0 នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕

Advertisement