Kane រកបាន 3គ្រាប់ ខណៈ Ronaldo ជួយ​ឲ្យ Real បំបាក់ Dortmund

ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់ ខណៈដែល​ក្រុម Tottenham បាន​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League តាមរយៈ​ការ​ផ្តួល​ក្រុម​ម្ចាស់ផ្ទះ Apoel Nicosia ក្នុង​លទ្ធផល 3-0 ក្នុងការ​ប្រកួត​ពូ​ល H កាលពី​ថ្ងៃ​អង្គារ។

Kane ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុងពេល​ក្រុម Spurs បាន​យកឈ្នះ​លើ​ក្រុម Borussia Dortmund កាលពី​ថ្ងៃ​ប្រកួត​បើកឆាក​នោះ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទី​ទី39 តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោម​ជំនួយ​ពី​ខ្សែបម្រើ Toby Alderweireld។ បន្ទាប់មក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូបនេះ បានទទួល​បាល់​ពី​ការបញ្ជូន​ឱ្យ​របស់ Moussa Sissoko ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ងាយស្រួល​ម្ដងទៀត​នៅ​នាទី​ទី62 ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ក្រុម​ខ្លួន មុននឹង​បំពេញ​គ្រាប់​បាល់​ទី3របស់គេ​ក្នុង​រយៈពេល 5នាទី​ក្រោយមក​ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​ពី​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី។

លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Tottenham បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ។ ពួកគេ​ពិតជា​មានការ​លើកទឹកចិត្ត​ខ្ពស់។ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ទទួលបាន3ពិន្ទុ។ វា​ជាការ​ប្រកួត​ដែល​ត្រូវតែ​ឈ្នះ​ជាដាច់ខាត ហើយ​យើង​ពិតជា​លេង​បាន​យ៉ាង​ល្អ​មែន»។ ក្នុងការ​ប្រកួត​ពូ​ល H ដដែល​នេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​លើក​ទី 400របស់គេ​សម្រាប់​ក្លិប Real Madrid ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​នៃ​ក្របខ័ណ្ឌ Champions League មួយ​នេះ បាន​ផ្តួល​ក្រុម Borussia Dortmund ក្នុង​លទ្ធផល 3-1។

លទ្ធផល​នេះ មានន័យថា បច្ចុប្បន្ន​ក្រុម​ទាំងពីរ​កំពុងតែ​នាំមុខ​នៅលើ​តារាង​នៃ​ពូ​ល ដោយមាន6ពិន្ទុ​ដូចគ្នា ពី​ការប្រកួត​បើកឆាក2លើក៕

លទ្ធផល​នៃ​ការប្រកួត​គូ​ផ្សេងទៀត

Besiktas 2 0 RB Leipzig
Manchester City 2-0 Shakhtar Donetsk
Monaco 0-3 FC Porto
Napoli 3-1 Feyenoord
Sevilla 3-0 Maribor
Spartak Moscow 1-1 Liverpool

ប្រភពពី៖ BBC

Advertisement