លោក Klopp និង​លោក Wagner ត្រៀម​ប៉ះគ្នា ខណៈ Aguero សម្លឹង​រក​កំណត់ត្រា

លោក David Wagner ចាត់ទុក​លោក Jurgen Klopp គឺជា​សមាជិក​ម្នាក់​នៃ​ក្រុមគ្រួសារ​របស់លោក ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍​នេះ​គ្រូបង្វឹក​រូបនេះ​នឹងត្រូវ​ទុក​មិត្តភាព​របស់​ពួកគេ​មួយ​ឡែក និង​សង្ឃឹមថា ក្រុម Huddersfield អាច​នឹង​ផ្តួល​ក្រុម Liverpool ជា​លើក​ទី1បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៥៩មក។

ក្រុម​របស់លោក Wagner នឹងធ្វើ​ដំណើរ​ទៅកាន់​ការប្រកួត​នេះ​ដោយ​ការជឿជាក់​ដ៏​ខ្ពស់​មួយ ក្រោយពី​បាន​ផ្តួល​ក្រុម Manchester United ជា​លើក​ទី1គិត​ចាប់តាំងពី​ឆ្នាំ1992មក កាលពី​ថ្ងៃ​សៅរ៍​មុន ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ11 ក្រោយពី​ការប្រកួត9លើក។ ការទទួល​ជ័យជម្នះ​លើ​ក្រុម Liverpool ធ្វើ​ឲ្យ​ក្រុម Huddersfield ឡើងទៅ​ឈរ​ពីលើ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ និង​ធ្វើ​ការដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​មិត្ត​ភ័ក្តិ​ដ៏​ជិតស្និទ្ធ​របស់លោក ដែលជា​ឪពុកធម៌​របស់​កូន​ទាំង3នាក់​របស់លោក Wagner ក្រោយពី​ការជួប​ភាព​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ​លី​ក​ក្នុង​រដូវ​កាល​នេះ។

ស្របពេល​ជាមួយគ្នានេះ ក្រុម Man City នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម West Brom ដែល​នឹង​សម្លឹង​រក​ការធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​ពេល​ជួប​ជាមួយនឹង​ក្រុម Wolves កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ ខណៈដែល Sergio Aguero នឹង​សម្លឹង​រក​ការ​បំបែក​កំណត់ត្រា​ក្នុងនាម​ជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លិប​នេះ។ លោក Wagner ដែល​ត្រូវបាន​យកទៅ​ធ្វើការ​ជាមួយ​ដោយ​លោក Klopp ក្នុង​ក្លិប Borussia Dortmund កាលពី​ឆ្នាំ2011នោះ បាន​បង្ហើប​ពី​ទំនាក់ទំនង​របស់​ពួកគេ ប៉ុន្តែ ក៏​ចង់​ឲ្យ​ក្រុម​របស់ខ្លួន​ទទួល​ជ័យជម្នះ​ផងដែរ។

លោក Wagner បាន​ឲ្យ​ដឹងថា៖ «វា​គឺជា​មិត្តភាព​ដ៏​អស្ចារ្យ​មួយ។ វា​លើសពី​មិត្តភាព​ធម្មតា​ទៅទៀត។ រូបគាត់​គឺជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​របស់ខ្ញុំ ដែល​លើសពី​មិត្ត​ភ័ក្តិ​ម្នាក់​ទៅទៀត។ ប៉ុន្តែ ខ្ញុំ​គិតថា រឿង​ដ៏​សំខាន់ និង​អស្ចារ្យ​នោះ​គឺថា Huddersfield Town នឹង​ជួប​ជាមួយនឹង​ក្រុម Liverpool ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នៃ​ក្របខ័ណ្ឌ Premier League»។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់​ដូចគ្នា៕

ប្រភពពី៖ Sky Sport

Advertisement