កីឡាករ​បាល់ទាត់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ​នៅ​មួយ​រដូវ World Cup បានទទួល​មរណភាព

លោក Fontaine ទទួលបានការអបអរសាទរពីមិត្តរួមក្រុមនៅ World Cup 1958

(បារាំង) – អតីត​កំពូល​ថ្វី​ជើង​ដែល​ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់​នៅក្នុង​ការប្រកួត​បាល់ទាត់ World Cup 1958 លោក Just Fontaine បានទទួល​មរណភាព​កាលពី​ថ្ងៃទី 01 មីនា 2023 ក្នុង​វ័យ 89 ឆ្នាំ។

យោងតាម​ព័ត៌មាន​ពី​ក្រុមគ្រួសារ អតីត​កីឡាករ Fontaine បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី 01 មីនា នៅ​ទីក្រុង Toulouse ប្រទេស​បារាំង។ ក្លឹប​ចាស់​ចំនួន​ពីរ​របស់លោក គឺ Stade de Reims និង PSG សុទ្ធតែ​បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ។

លោក Fontaine បានចាប់កំណើត​នៅ​ម៉ា​រ៉ុ​ក កាលពី​ឆ្នាំ 1933 នៅក្នុង​គ្រួសារ​ដែលមាន​ឪពុក​ជា​ជនជាតិ​បារាំង និង​ម្ដាយ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ។ នៅ World Cup 1958 ដែល​ធ្វើឡើង​នៅ​ប្រទេស​ស៊ុយអែត លោក Fontaine ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់។ រហូតមកដល់​បច្ចុប្បន្ន នេះ​នៅតែ​ជា​សមិទ្ធផល​ល្អ​បំផុត​របស់​កីឡាករ​មួយរូប​នៅក្នុង​មួយ​រដូវ​កាល​របស់ World Cup។

លោក Fontaine ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់​នៅក្នុង​ការប្រកួត​បាល់ទាត់ World Cup 1958

ក្នុង World Cup 1958 លោក Fontaine រកបាន 6 គ្រាប់​នៅក្នុង 3 ប្រកួត​ដែល​ប៉ះ​នឹង ប៉ា​រ៉ា​ហ្កា​យ, អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស្កុ​តឡែ​ន នៅ​វគ្គ​ជម្រុះ។ លោក​រកបាន 2 គ្រាប់​ក្នុងការ​ប្រកួត​នៅ​វគ្គ ¼ ដែល​ឈ្នះ​អៀរ​ឡង់​ខាងជើង 4-0 និង 1 គ្រាប់​ទៀត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ចាញ់​ប្រេ​ស៊ី​ល 2-5។ ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មេដាយ​សំរឹទ្ធ​ដែល​បានឈ្នះ​អាល្លឺម៉ង់​ខាងលិច 6-3 លោក Fontaine រកបាន 4 គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ​បារាំង។

កំណត់​របស់លោក Fontaine ច្រើនជាង 2 គ្រាប់ បើ​ធៀប​នឹង​សមិទ្ធផល​របស់​កំពូល​ថ្វី​ជើង​លំដាប់​ទី​ពីរ Sandor Kocsis ដែល​រកបាន 11 គ្រាប់​នៅ World Cup 1954។ បណ្ដា​កំពូល​ថ្វី​ជើង​ដែល​ជាប់​ចំណាត់ថ្នាក់​បន្ទាប់​រួមមាន Gerd Muller រក​បាន​ 10 គ្រាប់​នៅ World Cup 1970, Eusebio 9 គ្រាប់​នៅ World Cup 1966, Ademir 9 គ្រាប់​នៅ World Cup 1950, Guillermo Stabile 8 គ្រាប់​នៅ World Cup 1930, Ronaldo Nazario 8 គ្រាប់​នៅ World Cup 2002 និង Kylian Mbappe 8 គ្រាប់​នៅ World Cup 2022។

លោក Fontaine និង​ពាន​រង្វាន់​ស្បែក​ជើង​មាស​នៅ World Cup 1958

លោក Fontaine ត្រូវ​បោះ​បង់​អាជីព​ជា​កីឡាករ​បាល់​ទាត់​នៅ​ក្នុង​វ័យ 28 ឆ្នាំ​ ដោយ​សារ​តែ​របួស​។ លោក​រក​បាន​គ្រាប់​បាល់​សរុប​ 30 គ្រាប់​នៅ​ក្នុង​ 21 ប្រកួត​ដែល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​៕

Advertisement