រូបភាព​វាយតប់​គ្នា​នៅ​ស៊ី​ហ្គេម​មិនទាន់​បាត់​ពី​ភ្នែក​ផង បាល់ទាត់​នៅ​អាស៊ាន​ក៏​បន្ត​កើត​អំពើហិង្សា

ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររបស់ក្រុម Selangor FC និង Perak FC

វិស័យ​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍​បន្ត​កើតមាន​ករណី​ប្រើ​អំពើហិង្សា​នៅលើ​ទីលាន​ប្រកួត នាំឱ្យ​កម្លាំង​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

ថ្មីៗនេះ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជាតិ​ម៉ាឡេស៊ី កើតមាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ពីរ​ក្រុម​នៅក្នុង​ការប្រកួត​រវាង Perak FC និង Selangor FC។

ថ្វីបើ​មិនទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ករណី​វាយតប់​គ្នា​នេះ ប៉ុន្តែ​នៅក្នុង​វីដេអូ 12 វិនាទី​ដែល​ត្រូវបាន​លាតត្រដាង គេ​អាច​ដឹងបាន​ថា ករណីនេះ​កើតឡើង​នៅ​នាទី​ទី 24 នៅពេល​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ Perak ​មួយក្រុម​ស្រាប់តែ​វាយប្រហារ​ទៅលើ​អ្នកគាំទ្រ​របស់ Selangor នៅលើ​តំបន់​សម្រាប់​​ទស្សនិកជន។

កងកម្លាំង​សន្តិសុខ​ក៏បាន​ចូលធ្វើ​អន្តរាគមន៍ និង​ប្រើ​ផ្សែង​បង្ហូត​ទឹកភ្នែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​បួន​នាក់​ដែលមាន​អាយុ​ពី 18 ដល់ 26 ឆ្នាំ​នៅក្នុង​ហេតុការណ៍​នេះ។

ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ដល់​សាធារណជន ចូល​រួម​​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​គាំទ្រ​ដល់​ការស៊ើបអង្កេត បើសិន​មាន​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​អំពើហិង្សា​ខាងលើ។

នៅក្នុង​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ Perak FC បាន​ចាញ់​ក្រុម Selangor FC 0-4 ក្នុងនោះ​មាន 2 គ្រាប់​ត្រូវបាន​ទាត់​ចូល​នៅ​ចុង​តង់​ទីមួយ (នាទី​ទី 40 និង 45+1)។

ចូលដល់​តង់​ទី​ពីរ Selangor FC រកបាន 2 គ្រាប់​ទៀត​នៅ​នាទី​ទី 51 និង 70។ លទ្ធផល​នេះ​ធ្វើឱ្យ Perak FC​ត្រូវ​ឈរ​លំដាប់​លេខ 11 ជា​បណ្ដោះអាសន្ន​ ក្នុងចំណោម 14 ក្រុម​ដែល​បាន​ចូលរួម​ប្រកួត​នៅ Malaysia Super League នា​រដូវ​កាល​ឆ្នាំនេះ។

មុន​នោះ បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍​ក៏បាន​ឆ្លងកាត់​ករណី​វាយតប់​គ្នា​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី 32 រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី។ បច្ចុប្បន្ន សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដើម្បី​ស៊ើបអង្កេត និង​ពិន័យ​ដល់​កីឡាករ​របស់​ក្រុម​ទាំងពីរ៕

Advertisement