កីឡាករបារាំង Mbappe ៖ «ពួកយើង​កំពុង​រង់ចាំ Messi ត្រលប់​មកវិញ»

Mbappe និង​ Messi របស់​ក្លឹប PSG មិន​ពេល​ទៅ​ប្រកួត​នៅ world Cup 2022

(បារាំង)- យោងតាម Kylian Mbappe ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 មិនបាន​ធ្វើឱ្យ​ល្អក់កករ​ទំនាក់ទំនង​ល្អ​រវាង​គាត់ និង Lionel Messi ឡើយ។

បន្ទាប់ពី ក្រុម​ជម្រើសជាតិ​បារាំង បាន​ចាញ់ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup នៅ កាតា កីឡាករ​បារាំង Mbappe ត្រូវ​រង​ការ​ចំអក​ជាច្រើន​ពី អា​ហ្ស​ង់​ទីន ពិសេស​គឺ សមាជិក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទិន។

កាលពី​ថ្ងៃទី 28 ធ្នូ នៅពេល​ត្រូវបានសួរ​​អំពី​ការ​ចំអក​ទាំងឡាយ​ពី​សំណាក់​កីឡាករ​របស់ អា​ហ្ស​ង់​ទីន Mbappe ឆ្លើយថា «…នោះ​មិនមែនជា​បញ្ហា​របស់ខ្ញុំ។ …ប្រការ​សំខាន់​ពេលនេះ​គឺ​ចូលរួម​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​សម្រាប់​ក្លឹប។ ពួកយើង​កំពុង​រង់ចាំ Messi ត្រលប់​មកវិញ ដើម្បី​អាច​ចាប់ផ្ដើម​យកជ័យ​ជម្នះ និង​រក​គ្រាប់​បាល់​ឡើងវិញ»។

Mbappe ក៏បាន​ឱ្យដឹងថា បាន​និយាយ​គ្នា​ជាមួយ Messi ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន រួចហើយ ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ Mbappe បាន​ជូនពរ​មិត្ត​រួម​ក្រុម​នៅ​ក្លឹប PSG ព្រោះថា ការដណ្ដើម​ពានរង្វាន់​ជើងឯក World Cup គឺជា​ភារកិច្ច​សំខាន់បំផុត។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ កាតា កាលពី​ថ្ងៃទី 18 ធ្នូ Mbappe រកបាន 3 គ្រាប់ ចំណែក Messi រកបាន 2 គ្រាប់ ខណៈដែល បារាំង ស្មើនឹង អា​ហ្ស​ង់​ទីន 3-3 ក្រោយ​ទាត់​បាន 120 នាទី។ ក្នុង​វគ្គ​ប្រកួត​ស៊ុត​ប៉េ​ណាំង​ទី ក្រុម​ទាំងពីរ​សុទ្ធតែ​បានសម្រេច​ភារកិច្ច ប៉ុន្តែ​សរុបមក អា​ហ្ស​ង់​ទីន ឈ្នះ 4-2។

Mbappe ស៊ុត​បញ្ចូល​ទី​ដោយ​ជោគជ័យ​នៅ​នាទី​ទី 90+6 ជួយ​ឱ្យ PSG ឈ្នះ Strassbourg 2-1 នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Ligue 1

Mbappe ត្រលប់មក​ហាត់​នៅ PSG បន្ទាប់ពី​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 បញ្ចប់​ទៅ​បាន​ 3 ថ្ងៃ។ កាលពី​យប់​ថ្ងៃទី 28 ធ្នូ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ដោយ​ជោគជ័យ​នៅ​នាទី​ទី 90+6 ជួយ​ឱ្យ PSG ឈ្នះ Strassbourg 2-1 នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Ligue 1 (Ligue 1 Uber Eats) របស់​ បារាំង។

Messi មិនទាន់​ត្រលប់​ទៅកាន់​ក្លឹប PSG។ មេដឹកនាំ​ក្លឹប​នេះ​អនុញ្ញាតឱ្យ Messi ​ទៅកាន់ អា​ហ្ស​ង់​ទីន រហូតដល់​ថ្ងៃទី 01 មករា 2023 ដើម្បី​អបអរ​ជ័យជម្នះ៕

Advertisement