ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។

នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។

ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។

ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។

បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ FIFA បាន​ចែងថា បណ្ដា​ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​នឹង​បានទទួល​ប្រាក់រង្វាន់ 1.56 លាន​ដុល្លារ​អាម៉េរិក ខណៈដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល​ប្រាក់រង្វាន់ 30,000 ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត។

ខ្ទង់​ប្រាក់រង្វាន់​ខាងលើ​នឹង​កើនឡើង​ នៅពេល​ឡើងដល់​ដំណាក់កាល​ខ្ពស់ជាង​នេះ។ សម្រាប់​ហ្វ៊ី​លី​ពី​ន បើសិន​បាន​ឡើងដល់​វគ្គ 1/8 ក្រុម​នេះ​នឹង​បានទទួល​ប្រាក់រង្វាន់ 1.87 លាន​ដុល្លារ​អាម៉េរិក គ្រា​ដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល 60,000 ដុល្លារ ខ្ពស់ជាង​ពីរដង​ធៀប​នឹង​វគ្គ​ចែក​ពូ​ល។ ប្រាក់រង្វាន់​នេះ​កើនឡើង​ថែមទៀត បើសិន​ពួកគេ​បាន​ឡើងដល់​វគ្គ​ខ្ពស់ជាង​នេះ។

FIFA បាន​បង្កើន​ប្រាក់រង្វាន់​របស់ World Cup នារី​ឆ្នាំ 2023 ឡើងដល់ 110 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 3 ដង បើ​ធៀប​នឹង​ឆ្នាំ 2019 ហើយ​ស្មើ​​នឹង 1/3 នៃ World Cup 2022 នៅ​កាតា។

បើសិនជា​បានឈ្នះ​ន័​រ​វែ​ស ហ្វ៊ី​លី​ពី​ន​នឹង​បាន​ឡើងទៅ​វគ្គ​បន្ទាប់។ ក្នុងករណី​ស្មើ តំណាង​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នឹងមាន 4 ពិន្ទុ និង​គ្រាប់​បាល់​ចំណេញស្មើ​នឹង​ -1។ ពេលនោះ ហ្វ៊ី​លី​ពី​ន​នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​ស្វ៊ី​ស និង​នូ​វែ​ល​សេ​ឡង់។

កាលពី​អតីតកាល ក្រុម​នារី​ថៃ​គឺជា​ក្រុម​ដំបូងគេ​​របស់​អាស៊ីអាគ្នេយ៍​ដែល​បាន​ឡើងទៅ​ប្រកួត​នៅ World Cup ហើយក៏​បានឈ្នះ​មួយ​ប្រកួត។ ក្រុម​នេះ​បានឈ្នះ​កូត​ឌឺ​វ័រ​ក្នុង​លទ្ធផល 3-2 នៅ World Cup 2015។ ក៏ប៉ុន្តែ ក្រុម​នារី​ថៃ​ពេលនោះ​ត្រូវ​ឈរ​លំដាប់​ទី​បី​នៅក្នុង​ពូ​ល​របស់ខ្លួន និង​មិនអាច​ឡើងទៅ​វគ្គ​ជម្រុះ​ផ្ទាល់៕

Advertisement