(AFF Cup 2022)- វៀតណាម និងម៉ាឡេស៊ី បង្ក​ព្យុះ​ភ្លៀង​ «រក» កាត​ពិន័យ​នៅ​វគ្គ​សន្សំ​ពិន្ទុ

(វៀតណាម)- កាត​ក្រហម​ចំនួន 2 និង​កាត់​លឿង​ចំនួន 6 ត្រូវបាន​អាជ្ញាកណ្ដាល​ជនជាតិ​ជប៉ុន Ryuji Sato ហូត​ចេញ នៅក្នុង​ការប្រកួត​ដែល វៀតណាម បាន​ឈ្នះ​ ម៉ាឡេស៊ី 3-0 នៅ​ជុំ​ទី 3 នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល B របស់ AFF Cup 2022។

ក្នុងការ​ប្រកួត​កាលពី​ព្រលប់​ម្សិលមិញ នៅ​នាទី​ទី 12 ខ្សែប្រយុទ្ធ​វៀតណាម Van Toan បានទទួល​កាត​លឿង​ព្រោះតែ​ទាញ​ផ្ដួល​ខ្សែប្រយុទ្ធ​របស់ ម៉ាឡេស៊ី Darren Lok ដើម្បី​ទប់ទល់​នឹងការ​វាយបក។

នេះ​គឺជា​កាត​ពិន័យ​ដំបូង​ក្នុងចំណោម 8 កាត​ដែល​អាជ្ញាកណ្ដាល​ត្រូវ​ហូត​ចេញពី​ហោប៉ៅ ដែល​នេះ​គឺ​ជា​ចំនួន​ច្រើន​បំផុត​នៅ AFF Cup 2022 គិត​មកដល់​បច្ចុប្បន្ន។ មុន​នោះ ការប្រកួត​ដ៏​សាហាវ​រវាង មី​យ៉ាន់​ម៉ា និង ម៉ាឡេស៊ី នៅ​ជុំ​ដំបូង ក៏​ទទួលបាន​កាត​លឿង​ចំនួន 8 ប៉ុន្តែ មិនមាន​កាត់​ក្រហម​នោះទេ។

4 នាទី​ក្រោយពី វៀតណាម រកបាន 1 គ្រាប់​ដំបូង Van Toan ក៏ត្រូវ​ទទួល​កាត​លឿង​ទី​ពីរ។ អាជ្ញាកណ្ដាល ហូត​កាត​ក្រហម បណ្ដេញ Van Toan ចេញពី​ការប្រកួត នាំឱ្យ វៀតណាម ត្រូវ​ទាត់​ដោយ​ខ្វះ​មនុស្ស​ចាប់ពី​នាទី ទី 32។ នេះ​គឺជា​កាត​ក្រហម​ដំបូង​ក្នុង​បទពិសោធន៍​ទាត់​ជាង 200 ប្រកួត​របស់​កីឡាករ​វ័យ 26 រូបនេះ។

ក្នុង​ប៉ុន្មាន​នាទីចុងក្រោយ​នៃ​តង់​ទីមួយ អាជ្ញាកណ្ដាល​បាន​ហូត​កាត​លឿង​ចំនួន 2 ទៀត​សម្រាប់​កីឡាករ​របស់ ម៉ាឡេស៊ី។ ជា​សរុប ក្នុង​តង់​ទីមួយ អាជ្ញាកណ្ដាល Sato បាន​ហូត​កាត​ចំនួន 5 ដង​ក្នុងនោះ​មាន​កាត​លឿង​ចំនួន 2 និង​កាត​ក្រហម​ចំនួន 1 សម្រាប់​កីឡាករ​វៀតណាម Van Toan។

5 កាត​ពិន័យ​គឺជា​ចំនួន​នៅ​តិច​នៅឡើយ ធៀប​នឹង​កំហុស​របស់​កីឡាករ​ទាំងពីរ​ក្រុម។ កីឡាករ​វៀតណាម ត្រូវបាន​ទាញ​ពីក្រោយ ឬ​រុញ​ពីមុខ ខណៈដែល កីឡាករ​ម៉ាឡេស៊ី ត្រូវ​រង​កែងដៃ​ច្រើនលើក ប៉ុន្តែ​អាជ្ញាកណ្ដាល​មិនបាន​ឃើញ ឬ​មិន​ផ្លុំ​កញ្ចែ​ពិន័យ។

ចុង​តង់​ទីមួយ Van Hau របស់ វៀតណាម ប្រើ​កែងដៃ​វាយ​ចំ​​មុខ​របស់​កីឡាករ​ម៉ាឡេស៊ី ធ្វើឱ្យ​គូប្រកួត​ខឹង និង​លេង​ខូច​សងសឹក។ អាជ្ញាកណ្ដាល Sato គ្រាន់តែ​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ។ វគ្គ​សន្សំ​ពិន្ទុ AFF Cup 2022 មិនមាន​វីដេអូ​ជំនួយ​សម្រាប់​អាជ្ញាកណ្តាល (VAR-Video Assistant Referee) ដូច្នេះ នាំឱ្យមាន​ការសម្រេច​ជាច្រើន​របស់​អាជ្ញាកណ្ដាល ត្រូវ​រង​ការរិះគន់។

តង់​ទី​ពីរ​បន្ត​ឡើងក​ម្ដៅ នៅពេល​កាត​លឿង 1 ទៀត​ត្រូវបាន​ហូត​សម្រាប់​កីឡាករ​វៀតណាម ដោយសារតែ Van Hau នៅ​នាទី​ទី 60 បាន​ច្រាន​ផ្ដួល​ខ្សែការពារ Azam Azmi។ ពេល​ពួកគេ​ដួល Azmi ក៏​សងសឹក​ដោយ​ការជាន់​លើ Van Hau ធ្វើឱ្យ​អាជ្ញាកណ្ដាល​ត្រូវ​ហូត​កាត​ក្រហម​បណ្ដេញ Azmi ចេញពី​ទីលាន។ វៀតណាម ទទួលបាន​បាល់​ពិន័យ និង​ស៊ុត​បញ្ចូល​ទី​បានសម្រេច។ ម៉ាឡេស៊ី ត្រូវ​ វៀតណាម នាំមុខ 2-0។

នាទី​ទី 83 Hoang Duc ស៊ុត​ប៉ើង​សំណាញ់​របស់ ម៉ាឡេស៊ី ជួយ​ឱ្យ វៀតណាម ឈ្នះ​ការប្រកួត 3-0 ហើយក៏បាន​​នាំមុខគេ​នៅ​ពូ​ល B៕

Advertisement