(World Cup 2022) – កីឡាការិនី​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក លើកទឹកចិត្ត ក្រូ​អាត

សារ​របស់​កីឡាការិនី​ខ្សែប្រយុទ្ធ Ana Maria Markovic ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​ក្រូ​អាត បន្ទាប់ពី​ចាញ់ អា​ហ្ស​ង់​ទីន 0-3 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​លើ Instagram។

ថ្វីបើ​កំពុង​សម្រាក​លំហែកាយ​នៅ ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ Ana Maria Markovic ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា កីឡាការិនី​ស្អាត​បំផុត​លើ​ពិភពលោក នៅតែ​តាមដាន​សកម្មភាព​រប​ស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាត នៅ World Cup។

ក្រោយពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត របស់​នាង​បាន​ចាញ់ អា​ហ្ស​ង់​ទីន 0-3 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 13 ធ្នូ កីឡាការិនី​ខ្សែប្រយុទ្ធ​វ័យ 23 ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបថត​ដែល​នាង​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាត អម​នឹង​ខ្លឹមសារ​ថា «ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែមាន​មោទកភាព​ចំពោះបង» រួម​នឹង​រូប​បេះដូង និង​ឈ្មោះ​សរសេរ​កាត់​របស់ ក្រុម​ជម្រើសជាតិ​ក្រូ​អាត នៅលើ Instagram។

ក្រោយ​ការ​បង្ហោះ​បាន 9 ម៉ោង សារ​ខាងលើ​របស់ Markovic ក៏​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​លើ Instagram ដោយ​ទទួលបាន​មេដៃ​ជិត 333,000 លើក និង​មតិ​ជិត 3,500 លើក។

Markovic មាន​ម្ដាយ​ជា​ជនជាតិ​ក្រូ​អាត និង​បានចាប់កំណើត​នៅ Split ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី​ពីរ​របស់ ក្រូ​អាត។ នាង​រួម​នឹង​គ្រួ​សារបាន​រើ​ទៅ​រស់នៅក្នុង ប្រទេស​ស្វ៊ី​ស ពេល​នាង​មាន​អាយុ 12 ឆ្នាំ។

Markovic ចាប់ផ្ដើម​លេង​បាល់​ពី​អាយុ 14 ឆ្នាំ និង​បាន​ក្លាយជា​កីឡាការិនី​ខ្សែប្រយុទ្ធ ដែល​ធ្លាប់រ​កបាល់​បាន 7 គ្រាប់​នៅក្នុង 26 ប្រកួត ជូន​ក្រុម U21 FC Zurich អំឡុង​ឆ្នាំ 2017 ដល់ 2019។ ក្រោយពី​ទៅ​ចូលរួម​ជាមួយ​ក្រុម Grasshopper Zurich ឆ្នាំ 2020 នាង​ក៏​រកបាន 15 គ្រាប់​ក្នុង 55 ប្រកួត ហើយ​ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជម្រើសជាតិ​របស់ ក្រូ​អាត កាលពី​ឆ្នាំ 2021៕

Advertisement