ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។

លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។

លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។

លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង ក៏បាន​ជជែក​គ្នា​ជាមួយ Mbappe ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ ហើយ PSG ក៏​រក្សាបាន Mbappe ​មួយឆ្នាំ​ទៀត។ ក៏ប៉ុន្តែ លើក​នេះ ស្ថានភាព​នៅ​ក្លឹប PSG ហាក់​មិនល្អ​ប្រសើរ គ្រា​ដែល​កីឡាករកំពូលៗរបស់​ក្លឹប​នេះ មានដូចជា Messi ជាដើម ត្រូវបាន​អ្នកគាំទ្រ​របស់ PSG ធ្វើបាប​ផ្លូវចិត្ត ហើយ​ជើង​ខ្លាំង​ខ្លះ​ក៏​ចាកចេញ ឬ​មាន​បំណង​ចាក​ចេញ​​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មានភាព​​ទាក់ទាញ​ខ្លាំង៕

Advertisement