Man City ខកចិត្ត​ធំ  Aguero គ្រោះថ្នាក់​រថយន្ត​បាក់ឆ្អឹង​ជំនីរ  

ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្លិប Manchester City បាន​រងរបួស​បាក់ឆ្អឹង​ជំនីរ ក្នុង​គ្រោះថ្នាក់​បុក​រថយន្ត​មួយ​ក្នុងប្រទេស​ហូ​ឡង់ ដែល​ក្លាយជា​ការខកចិត្ត​ដ៏​ធំ​មួយ​ដល់​ការ​ប្រជែង​លើក​ពាន​របស់​ក្រុម ដែល​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ។

Aguero បានធ្វើ​ឲ្យ​ខ្លួនគេ​ក្លាយជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ការជួយ​ឲ្យ Man City ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី6គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធ​វ័យ 29ឆ្នាំ​រូបនេះ បាន​រងរបួស​ក្រោយពី​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បាន​ដឹក​រូបគេ​ទៅកាន់​អាកាសយានដ្ឋាន​នៃ​ទីក្រុង Amsterdam បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​មួយ​ក្នុង​ការប្រគំ​តន្ត្រី​មួយកន្លែង​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍។

ក្រោយមក Aguero បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​សុក្រ​ថា រូបគេ​ពិតជា​មាន​សំណាងល្អ​ណាស់​ដែល​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ តារា​ឆ្នើម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ដែល​ក្លិប​របស់គេ​បាន​បញ្ជាក់ថា រូបគេ​នឹងត្រូវ​អវត្តមាន​រយៈពេល4សប្តាហ៍​នោះ បាន​ឲ្យ​ដឹងថា៖ «វា​ជា​ការបុក​យ៉ាងខ្លាំង​ក្លា​មួយ ប៉ុន្តែ​ខ្សែក្រវាត់​សុវត្ថិភាព​បានការ​ពារ​មិន​ឲ្យ​រូបខ្ញុំ​រងគ្រោះថ្នាក់​ធ្ងន់»។

ដំបូង​ឡើយ វា​មានការ​ព្រួយបារម្ភ​ថា រូបគេ​អាច​នឹងត្រូវ​អវត្តមាន​រយៈពេល2ខែ។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City បាន​និយាយថា Aguero នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​របស់ Man City នៅលើ​ទឹកដី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea នៅ​ថ្ងៃ​សៅរ៍​នេះ ហើយក៏​នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​ជម្រុះ World Cup របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នៅ​ដើមខែ​តុលា​នេះ ផងដែរ៕

ប្រភពពី៖ Skysports

Advertisement