Cavani អាច​នឹង​អវត្តមាន ពេល​អ៊ុយ​រូ​ហ្គា​យ ប៉ះ បារាំង នៅ​រាត្រី​នេះ

ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani អាច​នឹងត្រូវ​អវត្តមាន​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ8ក្រុម​ចុងក្រោយ​របស់​ក្រុម​របស់គេ ក្នុងពេល​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ ក្រោយពី​បាន​រងរបួស​កំភួនជើង ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់។

សហព័ន្ធ​កីឡាបាល់ទាត់​អ៊ុយ​រូ​ហ្គា​យ​ហៅ​កាត់​ថា UFA បាន​បង្ហោះ​រូបថត​ជាច្រើន​ទាក់ទង​នឹង​ការហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ នៅលើ​បណ្តាញ​សង្គម ខណៈដែល Cavani បាន​អវត្តមាន។ ក្រោយពី​ការត្រួតពិនិត្យ​កាលពី​ថ្ងៃ​ចន្ទ ក្រុម​វេជ្ជបណ្ឌិត​បានប្រកាសថា តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain រូបនេះ បាន​រងរបួស​ត្រង​កំភួនជើង​ឆ្វេង​របស់គេ បើទោះបី​វា​មិន​រហែក​សាច់ដុំ​ដោយ។

ស្រប​ពេលដែល Cavani វ័យ31ឆ្នាំ នឹងត្រូវ​អវត្តមាន លោក Oscar Tabarez គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ អាច​នឹង​ប្រើប្រាស់ Cristhian Stuani នៅ​តំបន់​ប្រយុទ្ធ​រួមជាមួយ​នឹង​ខ្សែប្រយុទ្ធ Luis Suarez។ ជាមួយគ្នានេះ តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ អាច​នឹង​ក្លាយជា​ចំណុច​កាត់សេចក្តី​ក្នុងពេល​ប្រកួត​ជាមួយនឹង​បារាំង ខណៈដែល​ពួកគេ​បាន​របូត​គ្រាប់​បាល់​ត្រឹមតែ១គ្រាប់​គត់​ក្នុង​យុទ្ធនាការ World Cup មកទល់ពេលនេះ។

បើទោះបី ក្រុម​ជម្រើសជាតិ​បារាំង ដាក់​ក្តីសង្ឃឹម​ទៅលើ​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ក៏ដោយ ប៉ុន្តែ វា​ហាក់ដូចជា​មិនអាច​ទៅរួច​ឡើយ​ដែល​តារា​ឆ្នើម​រូបនេះ អាច​ទម្លុះ​តំបន់​ការពារ​ដ៏​រឹងមាំ​មួយ​ដូចជា​ក្រុម​អ៊ុយ​រូ​ហ្គា​យ ដោយ​ងាយស្រួល​នោះ។ ការប្រកួត​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ ដ៏​រំភើប​មួយ​នេះ ក្នុង​ទីក្រុង Nizhny Novgorod អាច​នឹងត្រូវ​កាត់សេចក្តី​ដោយ​ការ​ប្រជែង​គ្នា​មួយ​រវាង​តំបន់​ការពារ​របស់​អ៊ុយ​រូ​ហ្គា​យ និង​ខ្សែប្រយុទ្ធ​ល្បឿន​លឿន Mbappe វ័យ19ឆ្នាំ។

ខណៈដែល​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​ក្រុម Diego Godin ដែល​ចាប់​ដៃគូ​ជាមួយនឹង​កីឡាករ Jose Gimenez, Martin Caceres និង Diego Laxalt រួម​ជាមួយនឹង​អ្នកចាំទី​ដៃ​ស្អិត Fernando Muslera តំបន់​ការពារ​របស់​អ៊ុយ​រូ​ហ្គា​យ មានកំណត់​ត្រា​ដ៏​ល្អ​បំផុត​ក្នុង​យុទ្ធនាការ World Cup។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

ប្រភពពី៖ Channel News Asia

Advertisement