Ronaldo ធ្វើឲ្យ Atletico ត្រូវការអព្ភូតហេតុ ដើម្បីសង្គ្រោះការធ្លាក់ចេញ

កំណត់ត្រា​នៃ​ការរកគ្រាប់​បាល់​បញ្ចូល​ទី​របស់​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​ចាត់​ទុក​ថា ជាកំណត់ត្រា​ពិសេស​តែមួយ ដោយ​លោក​​​គ្រូបង្វឹក​ Zinedine Zidane ខណៈ​ដែលការរកគ្រាប់​បាល់បញ្ចូល​ទី​៣​គ្រាប់​របស់​គេ បាន​ជួយ​ឲ្យក្រុម Real Madrid ស្ថិតយ៉ាងប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មួយផ្សេង​ទៀតនៃក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការផ្តួលក្រុម Atletico Madrid ៣-០​ កាលពី​ថ្ងៃ​អង្គារ​។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់​របស់ Ronaldo គឺ​ជា​ការ​រក​បាន​ជាលើក​ទី​២​នៅពេលប្រកួត​ជា​មួយ​នឹងក្រុម Atletico នៅ​រដូវ​កាលនេះ និង​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយពីក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​​ផង​ដែរ​ដើម្បីផ្តួលក្រុម Bayern Munich ក្នុងការ​ប្រកួត​វគ្គ​៨ក្រុម​​ចុងក្រោយ​។ លោក Zidane បាន​ឲ្យ​ដឹង​ថា៖ «ការ​រកគ្រាប់​បាល់បញ្ចូល​ទី​​គឺ​ជា​សមត្ថ​ភាព​ដែល​រូបគេមាន​​​ខ្លាំង​ជាង​កីឡាករ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​​រូប​គេមាន​លក្ខ​ណៈ​យ៉ាង​ពិសេស​តែមួយ​»​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យក្រុម Real បន្ត​ធ្វើការ​គ្រប់គ្រង​លើក្រុម Atletico ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្នុង​រយៈ​ពេល​បួន​រដូវកាល​ចុង​ក្រោយ​​នេះ​។

Real បាន​​ទម្លាក់ក្រុម​របស់​លោក Diego Simeone រាល់​​ការ​ជួប​គ្នា​ទាំង​៣លើក​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​រយៈពេល​៣​រដូវកាល​ចុងក្រោយ​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំងក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពីឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ផង​ដែរ​។ Ronaldo បាន​ធ្វើ​ឲ្យ​ក្រុម Real Madrid ​ចាប់ផ្តើម​យ៉ាងល្អ​​តាមរយៈ​ការ​រកគ្រាប់​បាល់​បើកឆាកនៅ​ទីនាទី ទី​១០ មុននឹង​​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​ទៀត​​នៅ​រយៈ​ពេល​២០​នាទី​ចុងក្រោយ​។ Ronaldo បាន​ឲ្យ​ដឹង​ថា៖ «ក្រុមនេះពិត​ជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​បាន​រក​គ្រាប់បាល់បញ្ចូល​ទី​ ប៉ុន្តែ ក្រុម​នេះ លេង​បាន​យ៉ាង​អស្ចារ្យ​តាំង​ពី​ចាប់​​ផ្តើម​ប្រកួត​»​។ ការ​ទទួល​ជ័យជម្នះ​ក៏​បាន​ជួយ​ឲ្យ Real ស្ថិតនៅ​ផ្លូវក្នុងការក្លាយ​ជាក្រុម​ដំបូង​គេ​ក្នុងការ​ការ​ពារ​ពាន Champions League យ៉ាង​​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​៕

ប្រភព​ពី​៖ worldsoccertalk

Advertisement