Mkhitaryan ព្រមទៅ Arsenal ជា​ថ្នូរ​នឹង​ការចាកចេញ​របស់ Sanchez ទៅ Man Utd

ខ្សែបម្រើ Henrikh Mkhitaryan របស់​ក្លិប Manchester United បាន​យល់ព្រម​ចូលរួម​ជាមួយនឹង​ក្លិប Arsenal ខណៈដែល Alexis Sanchez នឹង​ផ្ទេរ​ក្នុងទិសដៅ​ផ្ទុយគ្នា ជាការ​ដោះដូរ​គ្នាភ្លាមៗ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ឡើយ។

បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian ក្លិប Man United បានដាក់​តម្លៃ​ខ្លួន​លើ Mkhitaryan ចំនួន 35លាន​ផោន (ស្មើនឹង 45លាន​ដុល្លារ​អាមេរិក) ដែល​ស្មើនឹង​តម្លៃ​ខ្លួន​ដែល​ក្លិប Arsenal ទាមទារ​សម្រាប់​ការលក់ Sanchez ដែរ។ ខ្សែបម្រើ​អន្តរជាតិ​អា​មេ​នី Mkhitaryan វ័យ 28ឆ្នាំ បានទទួល​ការពិនិត្យ​សុខភាព កាលពី​ថ្ងៃអាទិត្យ ខណៈដែល​តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី Sanchez នឹង​បំពេញ​ការផ្ទេរ​របស់គេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ទោះបីជា​យ៉ាងណា ទំហំ​នៃ​កិច្ចសន្យា​របស់ Mkhitaryan និង​ប្រាក់ខែ​របស់គេ ត្រូវបាន​បិទ​ជិត។ លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បានបញ្ជាក់​កាលពីពេល​មុននេះ​ថា Sanchez នឹងចូលរួម​ជាមួយនឹង Man United លុះត្រាតែ Mkhitaryan យល់ព្រម​ផ្ទេរ​មកកាន់ Arsenal។ Sanchez បាន​អវត្តមាន​ក្នុងពេល​ក្រុម Arsenal យកឈ្នះ​លើ​ក្រុម Crystal Palace ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សៅរ៍ ដោយសារតែ​រូបគេ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Manchester។

លោក Wenger បាន​បញ្ជាក់ថា៖ «រូបគេ​មិនបាន​ចូល​លេង​ទេ ពីព្រោះ​អ្នក​មិនអាច​ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងជើង​ផង និង​លេង​បាល់ទាត់​ផង​ក្នុងពេល​តែមួយ​បានឡើយ»។

ស្របពេល​ជាមួយគ្នានេះ លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់ Man Utd បាន​បញ្ជាក់ថា ការព្រមព្រៀង​គ្នា​មួយ​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Sanchez កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក ក្រោយពី​ក្រុម​របស់លោក​ទទួល​ជ័យជម្នះ 1-០ លើ​ក្រុម Burnley កាលពី​ថ្ងៃ​សៅរ៍៕

ប្រភពពី៖ BBC

Advertisement