អ៊ីតាលី ស្តារ​មុខ​មាត់វិញ ខណៈ​អេ​ស្ប៉ាញ លត់​លិច​តិនស្តាញ ចាស់​ដៃ

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់ទី​២​របស់ខ្សែ​ប្រយុទ្ធ Ciro Immobile បាន​​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិអ៊ី​តាលី វិល​ទៅ​កាន់​ជ័យ​ជម្នះ​វិញ​តាមរយៈ​ការ​ដណ្តើម​បានជ័យជម្នះ ១-០ លើ​ក្រុមជម្រើស​ជាតិ​អ៊ី​ស្រា​អែល ក្នុង​ទីក្រុង Reggio Emilia កាលពីថ្ងៃ​អង្គារ

ដើម្បី​ធ្វើ​ឲ្យពួកគេ​​រក្សា​ការ​ដេញតាមពីក្រោយក្រុម​អេ​ស្ប៉ាញ យ៉ាង​ប្រកៀកក្នុង​ជម្រុះ World Cup​ ឆ្នាំ​២០១៨​។ ក្រោយ​ពី​ចាញ់ក្រុមជម្រើស​ជាតិអេ​ស្ប៉ាញ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Bernabeu កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ត្រូវ​ជ័យជម្នះ​ជា​ចាំ​បាច់​​ដើម្បីបន្ត​ប្រជែងយក​ចំណាត់ថ្នាក់លេខ​១ក្នុង​ពូល G ក៏ដូច​ជា​​​កៅអីទៅ World Cup ឆ្នាំ​២០១៨​។ ក្រុម​ជម្រើស​ជាតិអ៊ី​តាលី នៅ​តែ​​មាន​ឱកាសក្នុង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ខណៈ​ដែលពួក​គេកំពុង​តែ​ដេញតាមពីក្រោយ​អេស្ប៉ាញ ចំនួន​៣​ពិន្ទុ ស្រប​ពេលនៅសល់​ការ​ប្រកួត​ជម្រុះ​២​លើក​​ទៀត ប៉ុន្តែ ​ប្រហែល​ជា​គេចមិន​ផុត​ពីការ​​ត្រូវ​​ប្រកួតក្នុង​វគ្គ Playoff ឡើយ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បានលត់​ក្រុម​ជម្រើស​ជតិ​លិច​តិន​ស្តាញ យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៨-០​។ ការ​ដណ្តើម​បាន​៣​ពិន្ទុ​នៅ​កីឡដ្ឋាន Mapei បានជួយ​ឲ្យក្រុម​ជម្រើស​ជាតិអ៊ី​តាលី មាន​សុវត្ថិ​ភាពក្នុងការ​ឈ្នះ​ចំណាត់ថ្នាក់លេខ​២ ក្នុងពូល G ដោយ​នាំ​មុខ​៦​ពិន្ទុ​ដាច់​លើក្រុម​ឈរ​លេខ​៣ អាល់​បា​នី ដែល​បានបញ្ចប់ក្នុងលទ្ធ​ផលស្មើ ១-១ ជា​មួយនឹងក្រុម​ម៉ា​សេ​ដ្វាន​។ លោកគ្រូ​បង្វឹក Giampiero Ventura បាន​ឲ្យ​ដឹងថា៖ «វា​ពិតណសា់​ថា លទ្ធផល​គឺ​ជា​រឿងអា​ទិ​ភាព ប៉ុន្តែ ខ្ញុំពិត​ជា​រីករាយណាស់​»​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក៏​អាច​​ពឹង​ផ្អែក​ទៅលើ​ការមាន​ប្រៀប​លើ​គ្រាប់​​បាល់​ចំនួន​១៧គ្រាប់ផងដែរ លើក្រុមជម្រើស​ជាតិអ៊ី​តាលី ផង​ដែរ ហេតុនេះ ​មាន​ន័យ​​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ទឹក​ដ៏ខ្លួន​ឯង​លើក្រុម​​ជម្រើស​ជាតិ​អាល់​បានី នា​ខែក្រោយ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​កៅអីទៅកាន់ World Cup​។

ក្រុមម្ចាស់ជើង​ឯក World Cup ឆ្នាំ​២០១០ មួយនេះ បាន​បង្ហាញពី​ទម្រង់លេង​​យ៉ាង​រឹងមាំក្នុងពេល​ក្រុម​ទាំងពីរ​ជួប​គ្នា​កាលពី​ជើង​ទី​១ ខណៈ​ដែលពួក​គេ​ក៏​បានផ្តួលក្រុម​លិច​តិន​ស្តាញ ក្នុង​លទ្ធផល ៨-០ ផង​ដែរ កាលពី​រយៈពេល​១​ឆ្នាំមុន​​៕

ប្រភព​ពី៖ Eurosport

 

Advertisement