កីឡាវ៉ូស៊ូ សង្ឃឹមដំណើរការឡើងវិញ ក្រោយ NOCC ផ្ដល់ឱកាសជាលើកទី២

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា(NOCC) សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានសន្យា និង មានជំនឿចិត្តឡើងវវិញ ក្រោយ NOCC និង ក្រសួងអប់រំយុវជន និង កីឡា បានបើកឱកាសអោយ សហព័ន្ធមួយនេះ ធ្វើការកែតំរូវ នៅកំហុស របស់ខ្លួនឱ្យបានរួចរាល់ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។

កាលពីខែមិនា កន្លងទៅថ្មីៗនោះ ឯកឧត្តមថោង ខុនប្រធានគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សម្រេចព្យួរសមាជិកភាពរបស់សហព័ន្ធវូ ស៊ូនេះ ជា បណ្ដោះអាសន្ន ដោយសហព័ន្ធមួយនេះ មិនមានសកម្ម ភាព និង មិនព្រមរៀបចំមហាសន្និបាទ ជ្រើសតាំងគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិថ្មី។

ជាមួយនឹងកិច្ចប្រជុំនោះ ខាង​សហព័ន្ធ​កីឡា​វ៉ូស៊ូ​ បាន​សន្យា​ចំពោះ​ NOCC​ យល់​ព្រម​កំណែ​ទម្រង់​ស៊ីជម្រៅ​ចំពោះ​សហព័ន្ធ​ខ្លួន​ឯង។​ មួយ​ទៀត​នោះ​គឺ​ត្រូវ​រួបរួម​និង​សហការ​គ្នា​ឡើង​វិញ​ដើម្បី​ធ្វើ​ឲ្យ​សហព័ន្ធ​មួយ​នេះ​មាន​ការ​រីកចម្រើន​ ដោយ​មិន​ប្រកាន់​បក្សពួក​ មិន​ចាប់​កំហុស​គ្នា​នា​ពេល​កន្លង​មក​ឡើង​វិញ​ឡើយចាប់​ពី​ពេល​នេះ​តទៅ។​ ជំហានបន្ទាប់គឺត្រូវរៀបចំសមាសភាពដឹកនាំថ្មីឲ្យមានការឯកភាពគ្នាដើម្បីឈានទៅរឿបចំមហា សន្និបាតឲ្យ បានឆាប់បំផុត ។

អគ្គលេខាធិកា NOCC ​លោកវ៉ាត់ ចំរើន​ បានមានប្រសាសន៍ថា៖ ក្នុង​កំណែ​ទម្រង់​លើកទី១​នេះ​ដែរ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៅចាំ​មើល​ថា​តើ​មាន​ការ​កែប្រែ​ឬ​អភិវឌ្ឍន៍​បច្ចេកទេស​និង​បង្កើន​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​បាន​ដោយ​រលូន​នោះ​ នឹង​បន្ត​ឲ្យ​សហព័ន្ធ​មួយ​នេះ​នៅ​តែ​ដំណើរ​ការ​ដដែល។​ ប៉ុន្តែ​បើ​ដំណាក់​ការ​ទី១​នេះ​នៅ​តែ​មាន​បញ្ហា​ផ្ទៃ​ក្នុង​និង​មាន​ភាព​រកាំរកូស​ដដែល​នោះ​ ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នឹង​ប្រជុំ​ដើម្បី​កំណែទម្រង់​លើក​ទី២​ទៀត។​

គួរំលឹកផងដែរថា៖ ភាពចម្រូងចម្រាសនេះ បានកើតឡើង ដោយសារតែគ្មានក្បាលម៉ាស៊ីនដឹកនាំ ធ្វើគ្រូបង្វឹក ក្លិប និងសមាគម ដែលស្ថិតក្រោមចំណុះសហព័ន្ធបានធ្វើលិខិតមួយផ្ញើមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី៦ ខែមីនា៕

Advertisement