ពិភពលោកចាប់ផ្តើមប្រើរថយន្តក្រុងអេឡិចត្រូនិកដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

បច្ចុប្បន្ននេះ ទោះបី​ជាមាន​វិបត្តិ Covid-19 ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ឃុំ​ខ្លួនឯង​ក្នុងផ្ទះ​ក៏ដោយ ក៏​ផលប៉ះពាល់​បរិស្ថាន​នៅតែ​ត្រូវបាន​គេ​គិតគូរ ព្រោះ​វា​អាច​នឹង​ផ្តល់​ផលប៉ះពាល់​យូរអង្វែង​សម្រាប់​ការរស់នៅ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ប្រទេស​ខ្លះ​បានចាប់ផ្តើម​បង្កើត​ផ្លូវ​ជិះ​កង់​ឱ្យបាន​ច្រើន​ដើម្បី​ជំរុញ​ប្រជាជន​ឱ្យ​ជិះ​កង់ និង​តំបន់​ខ្លះទៀត​បាន​ច្នៃ​ឱ្យមាន​ភាព​បៃតង​នៅក្នុង​ទីក្រុង​ដើម្បី​ស្រូប​ជាតិពុល។ ថ្មីៗនេះ នៅ​ប្រទេស​មួយចំនួន​គេ​ចាប់ផ្តើម​ប្រើប្រាស់​រថយន្តក្រុង​អេឡិចត្រូនិក ដើម្បី​ជំរុញ​ឱ្យ​ការធ្វើដំណើរ​នៅតាម​ទីក្រុង​កាន់តែ​រលូន លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​កាត់បន្ថយ​ផ្សែង​ពុល​ផងដែរ។

អ​ងុ្គ​ការ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​រថយន្តក្រុង​អេឡិចត្រូនិក អាចជួយ​កាត់បន្ថយ​ការពុល​ខ្យល់ និង​ការផ្លាស់ប្តូរ​អាកាសធាតុ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ បើ​ប្រៀបធៀប​ពី​ផលប៉ះពាល់​របស់​រថយន្ត​ប្រើ​សាំង និង​ប្រើ​ម៉ា​ស៊ូ​ត រថយន្ត​ប្រើ​អគ្គិសនី​មាន​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​តិចតួច​បំផុត។ ចំពោះ​តម្លៃ​សេវា​ទៀតសោត​ក៏មាន​ភាព​ធូរ​ថ្លៃ​ជាង​រថយន្ត​ប្រើ​ប្រេង​ផងដែរ ដែល​វា​ជា​កត្តា​ជំរុញ​យ៉ាងសំខាន់​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​រថយន្ត​ក្រុង​សាធារណៈ​វិញ។ តាម​ការបញ្ជាក់​របស់​ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា វា​ចំណាយ​តិចជាង​រថយន្ត​ប្រើប្រាស់​ប្រេង​រហូតដល់​ទៅ 70% ឯណោះ។

បន្ថែម​ពីលើ​នេះ ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាមេរិក​ឡាទីន បាន​ដាក់ឱ្យ​ប្រជាជន​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​រហូត​ដល់ក​ន្លះ​ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​រួម​វិញ៕

Advertisement