យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ Electric EEL ហោះ​ហើរ​ជាង 2,200 គីឡូម៉ែត្រ ក្នុង​ដែន​អាកាស​កាលីហ្វ័រញ៉ា ប៉ុន្តែ​នៅ​សល់​ឥន្ធនៈ​ និង​ថាមពល​អគ្គិសនី​ជាង​ 2 ម៉ោង​ទៀត​។

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​អាម៉េរិក Ampaire សម្រេច​បាន​ជោគ​ជ័យ​ នៅពេល​យន្ត​ហោះ​ Electric EEL បញ្ចប់​ការ​ហោះ​ហើរ​ 12 ម៉ោង នៅ កាម៉ារីឡូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី 10 ធ្នូ​កន្លង​ទៅ​។ Ampaire ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ​នេះ​បាន​បំបែក​កំណត់ត្រា​មុន​នោះ ដែល​ទាក់​ទង​នឹង​ពេល​វេលា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះប្រភេទ​កូន​កាត់​អគ្គិសនី​ – ឥន្ធនៈ​។

ទន្ទឹម​នឹង​នេះ Electric EEL ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅពេល​វា​នៅ​សាល់​ឥន្ធនៈ និង​ថាមពល​អគ្គិសនី​ដែលអាច​ហោះ​ហើរ​បាន​ 2 ម៉ោង​ទៀត​ បន្ទាប់​ពី​បាន​ចុះ​ចត។ ក្នុង​ជើង​ហោះ​ហើរ​នេះ Electric EEL បាន​ហោះ​ហើរ​ប្រហែល 2,213 គីឡូម៉ែត្រ។

Ampaire ឱ្យ​ដឹង​ថា ប្រព័ន្ធ​ម៉ាស៊ីនហាយព្រីតឆ្លាត​វៃ​ជំនាន់​​ដំបូង​ដែលបំពាក់​លើ​ Electric EEL ជួយ​កាត់​បន្ថយ​ការ​ចំណាយលើ​​ឥន្ធនៈ​ពី 50% ទៅ 70%​ និង​បន្ថយ​ការ​ចំណាយ​លើ​ការ​ថែទាំ​ពី 25% ទៅ 50%​ បើ​ធៀប​នឹង​យន្តហោះ​ប្រើ​ឥន្ធនៈ​សុទ្ធ​៕

Advertisement