យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។

ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។

ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ Voyager គិត​ថា បញ្ហា​កើត​ចេញ​ពី FDS ប៉ុន្តែ​ ពួក​គេ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ ទើប​រក​ឃើញ​ដំណោះ​ស្រាយ​។

នេះ​មិន​មែន​ជា​បញ្ហា​ដំបូង​ដែល​យាន Voyager 1 បាន​ជួប​ប្រទះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យាន​អវកាស​នេះ​ធ្លាប់​ជួប​បញ្ហា​ប្រព័ន្ធ​បញ្ជា​ និង​កំណត់​ទិស (AACS) កាល​ពី​ខែ​ឧសភា ឆ្នាំ 2022​ និង​បញ្ជូន​ទិន្នន័យដែល​គ្មាន​ន័យ​ក្នុង​រយៈ​ពេល​ច្រើន​ខែ​ មុន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​៕

Advertisement