ស្ថានីយ​អវកាស​របស់ ចិន នឹង​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​គ្មាន​ខ្សែ​តង់ស្យុងខ្ពស់​មកកាន់​ផែនដី

ស្ថានីយ​អវកាស Tiangong នឹងចូលរួម​គម្រោង​ប្រមូល​ថាមពលព្រះអាទិត្យ​ក្នុង​អវកាស ហើយ​បាញ់​បញ្ជូន​មកកាន់​ផែនដី​ក្នុង​ទម្រង់​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត​ខ្ពស់ មិន​នឹងត្រូវ​បានទទួល និង​បំប្លែង​ទៅជា​អគ្គិសនី។

ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន បាន​ដំណើរការ​ពេញលេញ​បន្ទាប់ពី​ម៉ូឌុល​ចុងក្រោយ​ដែលមាន​ឈ្មោះថា Mengtian ត្រូវបាន​ភ្ជាប់​ទៅនឹង​បន្ទប់​ស្នូល​កាលពីដើម​ខែវិច្ឆិកា 2022។

កាលពី​ថ្ងៃទី 22 វិច្ឆិកា លោក Yang Hong ប្រធាន​ផ្នែក​រចនា​របស់​ស្ថានីយ​អវកាស​ចិន បានឱ្យដឹងថា Tiangong នឹង​ដើរតួនាទី​សំខាន់​ក្នុង​គម្រោង​រោងចក្រ​ថាមពលព្រះអាទិត្យ​នៅ​ទី​អវកាស (SSPS) របស់ ប្រទេស​ចិន។ Tiangong នឹង​ផ្ដល់​ថ្នាល​សម្រាប់​ការសាកល្បង​ឧបករណ៍​អគ្គិសនី​តង់ស្យុង​ខ្ពស់ និង​ជួយ​ដំឡើង​ឧបករណ៍ធំ។

យោងតាម​លោក Yang Hong ស្ថានីយ​អវកាស​ចិន មាន​ធនធាន និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពិសោធ សាកល្បង​បច្ចេកវិទ្យាសំខាន់ៗ ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ប្រមូល​ទិន្នន័យ​នៃ​ការធ្វើ​តេស្ត​នៅលើ​គន្លង​គោចរ​សម្រាប់​គម្រោង SSPS។

រោងចក្រ​ថាមពលព្រះអាទិត្យ​នៅ​ទី​អវកាស​របស់ ប្រទេស​ចិន នឹង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែលមាន​ទំហំ 1 គីឡូម៉ែត្រ នេះ​បើតាម Chinese Space Science and Technology ចុះផ្សាយ​កាលពី​ខែមិថុនា 2022។ រោងចក្រ​នេះ​នឹង​បាញ់​បញ្ជូន​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត gigawatt ពី​ចម្ងាយ 36,000 គីឡូម៉ែត្រ មកកាន់​ផែនដី។ រោងចក្រ​នេះ​ដំណើរការ 24 ម៉ោង/ថ្ងៃ ដោយ​កាំរស្មី​របស់​វា​អាច​ឆ្លងកាត់​ពពក និង​ត្រូវ​បានទទួល​ដោយ​អង់​តែ​ន​នៅលើ​ផែនដី មុននឹង​បំប្លែង​ទៅជា​អគ្គិសនី។

ក្រៅពី ប្រទេស​ចិន កន្លងមក សហរដ្ឋ​អាម៉េរិក ក៏បាន​រៀប​ផែនការ​បាញ់​បង្ហោះ​ផ្កាយរណប​ឡើងទៅ​កាន់​ទី​អវកាស​នៅ​ឆ្នាំ 2025 ដើម្បី​ផលិត និង​បាញ់​បញ្ជូន​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត​ខ្ពស់​មកកាន់​ផែនដី​ផងដែរ៕

Advertisement