សុនក​យន្ត​បង្កើត​​កំណត់​ត្រា «​រត់​លឿន​ជាង​គេ​លើពិភពលោក»

HOUND ដែល​ជា​រ៉ូបូតជើង​បួន​របស់​ប្រទេស​កូរ៉េខាងត្បូង បង្កើត​បាន​កំណត់ត្រា​ពិភពលោក​ Guinness នៅ​ពេល​រត់​ចម្ងាយ​ 100 ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 19.87 វិនាទី ក្នុង​ល្បឿន 18.13 គីឡូម៉ែត្រ​/ម៉ោង​។

យោង​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 13 ធ្នូ សុនក​រ៉ូបូត​ HOUND ដែល​អភីវឌ្ឍ​ដោយ​វិទ្យាស្ថាន​ពិសោធន៍​ផ្នែក​រចនា និង​បញ្ជា​រ៉ូបូត​យន្ត នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ទំនើប​កូរ៉េខាង​ត្បូង (KAIST) រត់​ចម្ងាយ​ 100 ម៉ែត្រ​ ដោយ​ចំណាយ​ពេល​​តិច​បំផុត​ បើ​ធៀប​នឹង​​រ៉ូបូត​ជើង​បួនដែល​បាន​បង្កើត​កំណត់​ត្រា​នា​ពេល​កន្លង​​។ HOUND បំបែក​កំណតត់​ត្រា​ដោយ​ប្រើពេល​ 19.87 វិនាទី ដោយ​រត់​ក្នុង​​ល្បឿន​ 18.13 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

«រាល់​ចលនា​សុទ្ធ​តែ​បាន​មក​ពី​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​ដែល​ប្រើ​បច្ចេក​វិទ្យា​ «រៀន​បន្ថែម»» នេះគឺជា​ការ​​បក​ស្រាយ​របស់​ Young-Ha Shin ដែល​ជា​អ្នក​រចនា​រ៉ូបូត HOUND​។

រ៉ូបូត​ដែល​មាន​ទម្ងន់ 45 គីឡូក្រាម​​នេះ​ ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ដើរ​ឡើង​ទួលចោត 22 ឌឺក្រេ និង​ដើរ​ចម្ងាយ​ 3.2 គីឡូម៉ែត្រ​ ហើយ​ក៏​ឆ្លង​ផុត​ឧបសគ្គ​កម្ពស់ 35 សង់ទីម៉ែត្រ​។

ក្រុម​ការ​ងារ​ខាងលើ​នឹង​បន្ត​អភិវឌ្ឍ​រូប​រាង​របស់ HOUND ដើម្បី​ឱ្យ​វា​អាច​រត់​បាន​លឿន​ និង​អាច​ធ្វើចលនា​ស្មុគស្មាញ​ជាង​បច្ចុប្បន្ន​៕

Advertisement