(វីដេអូ)-រ៉ូ​បូត​មានជីវិត «xenobot» ដែល​បង្កើតឡើង​អំពី​កោសិកា​កង្កែប បានចាប់ផ្ដើម​រស់ និង​បង្កើត​កូនចៅ​ដោយ​ខ្លួនឯង

ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​បណ្ដា​ប្រទេស​បាន​រកឃើញ​សមត្ថភាព​នៃ​ការរស់រាន​របស់ រ៉ូ​បូត​មានជីវិត ដែល​ត្រូវបាន​គេ​បង្កើតឡើង​ពី​កោសិកា​ដើម​របស់​សត្វ​កង្កែប។

ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ទើបតែ​បាន​បង្កើត​ប្រព័ន្ធ​រ៉ូ​បូត​មានជីវិត​ដំបូង និង​បានដាក់​ឈ្មោះ​ឱ្យ​វា​ថា xenobot។ ពួកគេ​និយាយថា ទម្រង់​នៃ​ជីវិត​ថ្មី​អាច​រស់រានមានជីវិត​ទៅតាម​វិធី​ដែល​មិនមាន​នៅក្នុង​ធម្មជាតិ ទាំង​នៅលើ​សត្វលោក ទាំង​នៅលើ​រុក្ខជាតិ។

ដោយ​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​ដើម​របស់​កង្កែប​អាហ្វ្រិក (Xenopus laevis) ប្រវែង​ទទឹង​នៃ​ដងខ្លួន​របស់ រ៉ូ​បូត xenobot នេះ មិន​ដល់ ១ មិល្លីម៉ែត្រ​នោះទេ។ ព័ត៌មាន​អំពី​រ៉ូ​បូត​មានជីវិត​ទាំងនេះ​ត្រូវបាន​ប្រកាស​លើកដំបូង​កាលពី​ឆ្នាំ ២០២០ បន្ទាប់ពី​មានការ​ពិសោធ​មួយ​អំពី​សមត្ថភាព​នៃ​ការផ្លាស់​ទី​ដោយ​ខ្លួនឯង ការ​សហការគ្នាជាមួយ​នឹង​រ៉ូ​បូត​មានជីវិត​ដទៃ និង​ការ​ជាសះស្បើយ​ដោយ​ឯកឯង។

ក្នុង​របាយការណ៍​នៃ​ការស្រាវជ្រាវ​ថ្មី ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Vermont, សាកលវិទ្យាល័យ Tufts និង វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Harvard ឱ្យដឹងថា ពួកគេ​បាន​រកឃើញ​របៀប​នៃ​ការបង្កើត​កូនចៅ​បែប​ជីវសាស្ត្រ​ដែល​មិនទាន់​កើតមាន​នៅលើ​ទម្រង់​ជីវិត​ណាមួយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានដឹង។ អ្នកវិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ទម្រង់​ជីវិត​បែបនេះ។

«កង្កែប​មាន​របៀប​បន្ត​ពូជ​ដោយឡែក ប៉ុន្តែ​នៅពេល​អ្នក…បំបែក​កោសិកា​ចេញពី អំប្រ៊ីយ៉ុង (Embryo) និង​បង្កើត​ឱកាស​ឱ្យ​ពួកវា​ស្វែងរក​វិធី​រស់ក្នុង​បរិស្ថាន​ថ្មី។ ពួកវា​មិន​ត្រឹមតែ​រកឃើញ​វិធី​ផ្លាស់​ទីនោះ​ទេ តែ​ក៏​ទំនងជា​បាន​រកឃើញ​វិធី​ថ្មី​ក្នុងការ​បន្ត​ពូជ​ទៀតផង»។

ជា​រ៉ូ​បូត ឬ​ជា​ទម្រង់​នៃ​ជីវិត?

កោសិកា​ដើម (stem cell) គឺជា​កោសិកា​ដែល​មិនមាន​មុខងារ​ជាក់លាក់ មាន​សមត្ថភាព​រីកចម្រើន​ទៅជា​ទម្រង់​កោសិកា​ផ្សេង។ ដើម្បី​បង្កើត​រ៉ូ​បូត​មានជីវិត xenobot ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កោស​កោសិកា​រស់​ពី អំ​ព្រី​យ៉ុង របស់​សត្វ​កង្កែប ហើយ​ទុកឱ្យ​ពួកវា​រីកចម្រើន​ដោយ​ខ្លួនឯង។

Josh Bongard សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ជា​អ្នកឯកទេស​ខាង​រ៉ូ​បូត​ប្រចាំ​សាកលវិទ្យាល័យ Vermont អះអាងថា៖ «មនុស្ស​ភាគច្រើន​យល់ថា រ៉ូ​បូត ត្រូវបាន​បង្កើតឡើង​ពី​លោហធាតុ និង​សេ​រ៉ា​មិច ប៉ុន្តែ និយមន័យ​នៃ រ៉ូ​បូត ដែល​យោងទៅតាម​សកម្មភាព​របស់​វា នោះ​គឺ ការធ្វើ​ការជំនួស​មនុស្ស»។

លោក​បន្តថា៖ «យល់​ទៅតាម​របៀបនេះ រ៉ូ​បូត​មានជីវិត (xenobot) គឺជា រ៉ូ​បូត ផង និង​ជា​ទម្រង់​នៃ​ជីវិត​មួយ​ផងដែរ ដែល​បង្កើតឡើង​ពី​កោសិកា​កង្កែប​ដែល​មិនមាន​ការកែប្រែ​ហ្សែ​ន។

យោងតាម​លោក Bongard ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សមត្ថភាព​នៃ​ការបង្កើត​កូនចៅ​របស់ រ៉ូ​បូត xenobot ដែលជា​សត្វមានជីវិត​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​ចំនួន ៣,០០០ របស់​សត្វ​កង្កែប។ ក៏ប៉ុន្តែ ដំណាក់កាល​នៃ​ការកកើត​កូនចៅ​របស់​ពួកវា កើតឡើង​តែ​ក្នុង​រយៈពេល​មួយ​មានកំណត់។

បច្ចេកវិទ្យា​រ៉ូ​បូត xenobot នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ក្មេងខ្ចី​នៅឡើយ ដែល​វា​អាច​ប្រៀបបាន​ទៅនឹង​កុំព្យូទ័រ​មួយគ្រឿង​កាលពី​ជំនាន់​ឆ្នាំ ១៩៤០៕

Advertisement