បច្ចេកវិទ្យា​របស់​ណាសា ​អាច​ធ្វើ​ឱ្យ​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត

(សហរដ្ឋ​អាម៉េរិក) – ការ​បំពាក់​​ស្លាប​កង្ហារ​នៅ​សងខាង និង​ខាង​ក្រោយ​​ ជួយ​ឱ្យ​យានជំនិះ​​នេះ​អាច​ហោះ​ឡើង​ត្រង់ទៅ​លើ​ និង​ឆ្ពោះ​ទៅ​មុខ​ដោយ​កម្លាំង​រុញ​ច្រាន​។

ក្រុម​ហ៊ុន Applied eVTOL Concepts បង្ហាញ​គម្រោង​អភិវឌ្ឍ​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​ (eVTOL) ដែល​មាន​ឈ្មោះ​ថា Epiphany Transporter។ យាន​ជំនិះ​នេះ​អាច​ហោះ​ក្នុ​ងល្បៀន​ 258 គីឡូម៉ែត្រ​/ម៉ោង ប៉ុន្តែ​មាន​សំឡេង​រំខាន​​មិន​ដល់​កម្រិត​ 55 decibel (dB) នៅ​លើ​កម្ពស់ 15 ម៉ែត្រ​។ សំឡេង​រំខាន​នេះ​ស្ថិត​ក្នុង​ចន្លោះ​សំឡេង​ទឹក​ភ្លៀង​ធ្លាក់​ស្មើ (50 dB) និង​សំឡេង​មនុស្ស​និយាយ​គ្នា​ធម្មតា​ (60 dB)។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 សីហា​។

គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ស្លាប​កង្ហារ​រុញ​ច្រាន​ដែល​បំពាក់​នៅ​​សង​ខាង​ និង​ផ្នែក​ខាង​ក្រោយ​របស់ Epiphany Transporter។​ នេះ​គឺជា​រចនា​ដែល​ដូច​ទៅ​នឹង​រូប​រាង​របស់​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​​​ត្រូវ​បាន​ណាសា​​អភិវឌ្ឍ​​កាល​ពី​ឆ្នាំ​ 2002​ ប៉ុន្តែ​បាន​ឆ្លង​កាត់​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រហែល​ពីរ​ទសវត្សរ៍​កន្លង​។

Epiphany Transporter ត្រូវ​បាន​រចនាឡើង​ដើម្បី​អាច​ដឹក​អ្នក​ដំណើរ​បាន​ពីរ​នាក់ រួម​នឹង​អីវ៉ាន់​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា យាន​ជំនិះ​នេះ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ Tesla Model S និង​អាច​ចត​ក្នុង​ចំណត​ធម្មតា​បាន​៕

Advertisement