តើការញ៉ាំចំណីអាហារដែលផុតកំណត់ញឹកញាប់ តើប៉ះពាល់សុខភាពដែរឬទេ?

ញ៉ាំរបស់ផុតកំណត់(ហួសដេឡេ)ញឹកញាប់ នឹងធ្វើឱ្យខូចសុខភាព ឬឈឺថ្កាត់ដែរឬទេ? បើលោកអ្នកធ្លាប់ធ្វើបែបហ្នឹងញឹកញាប់ ឡា រ៉ែន មានចម្លើយពីលោកវេជ្ជបណ្ឌិត អ្នកជំនាញខាងផ្នែកអាហារ និងសុខភាពមកជម្រាបជូនដូចក្រោម។

ការទទួលទានអាហារដែលផុតកំណត់អាយុញឹកញាប់ មិនមែនជារឿងល្អទេ ហើយតើវានឹងហុចផលធ្វើឱ្យឈឺថ្កាត់ឬក៏អត់? និងតើទទួលបានគុណប្រយោជន៍ខាងភោជនាហារ ឬក៏អត់នោះ? ចំណុចនេះប្រហែលជាត្រូវពិចារណាមើលបន្តិចសិន ។

ផលប៉ះពាល់ចំពោះសុខភាព ពេលបរិភោគអាហារដែលផុតកំណត់ហើយនោះ អាចជួបប្រទះតាំងពី “គ្មានផលប៉ះពាល់ដល់រាងកាយ” រហូតទៅដល់ “មានផលប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ” អាស្រ័យលើប្រភេទរបស់អាហារដែលយើងទទួលទានចូលទៅនោះ។

លើកឧទាហរណ៍ងាយៗ ដូចជា បើយើងបរិភោគដំណាប់ផ្លែឈើដែលទើបតែផុតកំណត់កាលពីម្សិលមិញ ឬយកដុំប៊័រដែលទើបតែផុតកំណត់កាលពី 2ថ្ងៃមុនមកធ្វើជាអាហារ ករណី 2នេះស្ទើរតែគ្មានហុចផលប៉ះពាល់អ្វីដល់សុខភាព ឬធ្វើឱ្យមានការឈឺថ្កាត់អ្វីឡើយ។

តែបើយកសាច់ត្រីខកំប៉ុងក្លាស្សេត្រជាក់ដែលផុតកំណត់ 2សប្តាហ៍មកហើយ មកចម្អិនជាអាហារ ឬក៏ទឹកដោះគោឆៅដែលផុតកំណត់កាលពី 1សប្តាហ៍មុនមកបរិភោគ អាចនឹងធ្វើឱ្យកើតអាការរាករូស ក្អួតចង្អោ ចុកពោះ ដោយសារតែអាហារទាំងនោះមានជាតិពុល ដល់ថ្នាក់ត្រូវនាំចូលទៅដេកព្យាបាលក្នុងមន្ទីពេទ្យក៏អាចថាបានដែរ។ ដូច្នេះមុននឹងទិញអាហារ ឬយកអាហារមកចម្អិនពិសា ត្រូវពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានច្បាស់លាស់ជាមុនសិន។

ការសរសេរបញ្ជាក់ថ្ងៃផុតកំណត់នៅលើស្លាកផលិតផលមានរូបភាពខុសប្លែកពីគ្នា ដូចជានៅក្នុងប្រទេសយើង ដែលជួបប្រទះញឹកញាប់នោះមាន 2បែបគឺ “គួរបរិភោគមុនថ្ងៃទី…ឬ Best Befor…ឬ BB…” ហើយនិង “ថ្ងៃផុតកំណត់ ឬ Expire…” ។

ជាទូទៅ បើនៅលើស្លាកផលិតផលបញ្ជាក់ថា “គួរបរិភោគមុនថ្ងៃទី…” នោះ មានន័យថា អាហារនឹងនៅមានរសជាតិល្អ នៅមានគុណប្រយោជន៍ខាងភោជនាហារគ្រប់ចំនួន ដូចដែលមានបញ្ជាក់នៅលើស្លាកផលិតផលរហូតដល់ថ្ងៃនោះ។ ក្រោយពីថ្ងៃនោះទៅ រសជាតិ គុណភាព និងគុណប្រយោជន៍ខាងអាហារនឹងចុះថយ តែគ្មានបញ្ហាចំពោះសុខភាពឡើយ ទើបអាចបរិភោគបានដោយគ្មានគ្រោះថ្នាក់ គ្រាន់តែអាចមិនបានទទួលគុណប្រយោជន៍ដូចដែលបានសរសេរបញ្ជាក់នៅលើស្លាកផលិតផលប៉ុណ្ណោះ តែក៏មានកំណត់ថ្ងៃទុកជាមុនមួយរយ:ដែរ មុននឹងអាហារនោះផុតកំណត់ ឬខូចគុណភាព។

ចំណែក “ថ្ងៃផុតកំណត់” នោះ មានន័យថា ថ្ងៃដែលអាហារនោះផុតអាយុកំណត់ ដែលក្រោយពីថ្ងៃនោះមក អាហារនឹងផ្អូមស្អុយ ឬខូច ហាមទទួលទាន និងគួរតែយកទៅបោះចោល។ អាហារដែលផុតអាយុកំណត់ហើយ នឹងមានផលប៉ះពាល់ដល់រាងកាយដូចជា អាហារមានជាតិពុល ធ្វើឱ្យចុកពោះ ក្អួត គ្រុនក្តៅខ្លួន វិលមុខ រាកខ្លាំង អាការអាចធ្ងន់ធ្ងររហូតកើតសភាវខ្វះជាតិទឹក និងដល់ថ្នាក់ត្រូវនាំទៅមន្ទីពេទ្យក៏មាន។

ដូច្នេះការពិនិត្យមើលស្លាកទំនិញបញ្ជាក់ពី “ថ្ងៃផុតកំណត់” ឬ “គួរបរិភោគមុនថ្ងៃ…” ដើម្បីឱ្យប្រាកដក្នុងចិត្តថា អាហារដែលយើងទទួលទាននោះមិនខូចគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរាងកាយនោះ គឺជាវិធីមួយដ៏ល្អបំផុត៕

Advertisement