ឱសថ​មាន​ប្រសិទ្ធភាព​​ដូចការ​​ហាត់​ប្រាណ​ ជិតមាន​ក្នុង​ទីផ្សារ!

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ឆ្ពោះទៅ​ជិត​ដល់​គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។

យោង​តាម​ទំព័រ​ Newsweek ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2024 នៅ​ក្នុង​កិច្ច​ប្រជុំរបស់​សមាគម​គីមី​សាស្ត្រ​អាម៉េរិក (ACS) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ដែលពួក​គេ​​កំពុង​អភិវឌ្ឍ។ ថ្នាំ​នេះ​​មាន​ផ្ទុក​សមាសធាតុ​​ដែល​​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​នឹង​ការ​ហាត់ប្រាណ​។

នៅពេល​ហាក់​ប្រាណ រាងកាយ​នឹង​ធ្វើ​ឱ្យមាន​ប្រតិកម្ម​គីមី ដែល​ហៅ​ថា មេតាបូលីស។ នៅ​ពេល​លេប​​ថ្នាំដែល​មាន​​ឈ្មោះ​ថា SLU-PP-332 នេះ រាង​កាយ​អ្នក​លេប​នឹង​​មាន​ប្រតិកម្ម​គីមី​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។

លទ្ធផល​នៃ​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ​បង្ហាញ​ថា ថ្នាំ​នេះ​ជួយ​ពង្រឹង​សរសៃ​សាច់​ដុំ​ កាត់បន្ថយ​អាការ​អស់​កម្លាំង​ និងកែលម្អ​សុខភាព​របស់​សត្វ​​កណ្ដុរ​​។ ការ​ស្រាវ​ជ្រាវ​ក្រោយ​មក​ បាន​ផ្ដោត​ទៅលើ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ស្ថិរភាព​ និង​កាត់បន្ថយ​ហានិភ័យ​កើត​មាន​​ជាតិ​ពុល​របស់​ថ្នាំ​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នក​ស្រាវ​ជ្រាវ​ឱសថ​នេះ​​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ SLU-PP-332 ​ជំនួស​ឱ្យ​ការ​ហាត់ប្រាណ​។ ឱសថ​នេះ​ផ្ដោត​ទៅ​លើតែ​​ក្រុម​មនុស្ស​ដែល​បាត់​បង់​លទ្ធភាព​បញ្ចេញ​កម្លាំង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ក៏​ដូច​ជាការ​​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្ស​ចាស់​ អ្នក​ស្វិត​សាច់​ដុំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ​។

លោក Bahaa Elgendy សាស្ត្រាចារ្យ​ប្រចាំ​សាលា​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​ Washington ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ ឱ្យ​ដឹង​ថា បើ​សិនជា​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​រក​វិធី​​ព្យាបាល​ជំងឺ​មួយ​ចំនួន​ មាន​​ជាអាទិ៍​ ជំងឺ​ខ្សោយ​សរសៃ​ប្រសាទ និង​ខ្សោយ​បេះដូង​ជា​ដើម​​។

SLU-PP-332 និង​សមាសធាតុ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការទប់​ស្កាត់​​ជំងឺ​ខ្សោយ​តម្រង​​នោម ខ្សោយ​បេះដូង​ លើស​ទម្ងន់ និង​​ជំងឺ​ភ្លេច​ភ្លាំង​ (Alzheimer) ទៀត​ផង​។

Advertisement