ទំពាំង​ឫស្សី​មាន​ប្រូតេអ៊ីន​ស្មើ​នឹង​ទឹក​ដោះ​គោ

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​ យល់​ថា ទំពាំង​ឫស្សីអាច​​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្គត់​ផ្គង់អាហារ​យូរ​អង្វែង និងមាន​ជីវជាតិ​សម្រាប់​ប្រជាជន​ទូទាំង​សកល​លោក​។

ទំពាំង​ឫស្សី​ពិត​ជា​មានអត្ថ​ប្រយោជន៍​ពិសេស​សម្រាប់​សុខភាព ព្រោះ​​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ ដូច​ទៅ​នឹង​ទឹក​ដោះ​គោ​។ នេះ​បើ​តាម​អត្ថបទ​សារព័ត៌មាន​មួយ​ដែលបាន​​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី​ និន្នាការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាហារ​ (Trends in Food Science & Technology) កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

លោក Wu Liangru ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈមណ្ឌលជាតិ​​ស្រាវ​ជ្រាវ​ទំពាំង​ឫស្សី​ចិន បាន​និយាយ​ថា​ ទំពាំង​ឫស្សី​អាច​ជា​អាហារ​សំខាន់​មួយ​ប្រភេទ​នា​ពេល​អនាគត​។ អត្ថបទ​លើ​ទំព័រ Trends in Food Science & Technology សរសេរ​ថា «ទំពាំង​នាំ​មក​នូវ​ប្រភព​អាហារ​ស្ថិរភាព ផ្ដល់​ឱកាស​ដល់​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​ ​អាច​រួម​ចំណែក​​ទៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក»​។

ទំពាំង​ផ្ដល់​អាស៊ីត​អាមីនេ​ចាំបាច់​ចំនួន 7 ក្នុង​ចំណោម​ 9 ដែល​មនុស្ស​ត្រូវ​ការ​។ ជាក់​ស្ដែង ​អាស៊ីត​អាមីនេ​ក្នុង​ទំពាំង​មានបរិមាណ​​ខ្ពស់​ជាង​បណ្ដា​មើម​មួយ​ចំនួន​ មាន​ដូច​ជា ការ៉ុត ស្ពៃ​ក្ដោប និង​ភ្លៅ​កង្កែប​ជា​ដើម​។ ក្រៅ​ពី​នេះ ទំពាំង​ក៏មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​ល្ពៅ និង​ស្ពៃ​ពួយ​ឡេង (spinach) ផងដែរ​។

ទំពាំង​ឫស្សី​ខ្ចី​ក៏​ជា​ប្រភព​ផ្គត់​ផ្គង់​ជាតិសរសៃ​ដ៏​ច្រើន​ មាន​ជាតិ​ខ្លាញ់​តិច ព្រម​ទាំង​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ​ទៀត​ផង។ ទន្ទឹម​នឹង​នេះ ការ​ស្រាវ​ជ្រាវ​ក៏​បាន​រកឃើញ​ថា ទំពាំង​មាន​សមត្ថភាព​ទប់​ស្កាត់​បញ្ហា​លើស​ខ្លាញ់​ ឡើង​ទម្ងន់​ លើស​ជាតិ​ស្ករ និងជំងឺ​​មហា​រីក​ ហើយ​អាច​ទប់ទល់​នឹង​អុកស៊ីតកម្ម​ និង​កម្ចាត់​មេរោគ​ផងដែរ​។

ទំពាំង​ឫស្សី​អាច​ត្រូវ​បាន​កែ​ច្នៃ​ទៅ​តាម​វិធី​ផ្សេងៗ​ ក្នុង​នោះ​មាន​ជា​អាទិ៍ ទំពាំងជ្រក់ ទំពាំងក្រៀម ទឹក​ទំពាំង​កៀប​ និង​ម្សៅទំពាំង​ ឬ​ចម្អិន​ជា​អាហារ​ដូច​ទៅ​នឹង​បន្លែ​ដទៃ​។ល។

ការ​សិក្សា​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ឫស្សី​ 800 ប្រភេទ​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ប្រទេស​ចិន​ គឺ​មាន​តែ​ 153 ប្រភេទ​ប៉ុណ្ណោះ​ដែល​អាច​បរិភាគ​បាន​​។

Advertisement