COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

ក្រុម​បុគ្គលិក​ពេទ្យដែល​​ជា​គិលានុបដ្ឋាយិកា​នៃ​មន្ទីរពេទ្យ​ Northwick Park បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ដោយ​​ហួស​កម្លាំង ព្រោះតែ​មាន​អ្នក​ជំងឺ​ច្រើន​ពេក​ ហើយ​ពួកគេ​ក៏​ត្រូវ​ប្រើ​ថង់​ផ្លាស្ទិក​មក​ប្រើ​ជំនួស​សម្ភារ​វេជ្ជ​សាស្ត្រ​ ដើម្បី​ការ​ពារ​ខ្លួន​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិករបស់​ខ្លួន​កាល​ពី​ថ្ងៃទី​20មីនា មន្ទីរពេទ្យ​ Northwick Park ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ បាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ​អស់​គ្រែ​ពិសេស​រលីង​ហើយ​ ក្រោយ​ពី​ចំនួន​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ អ្នកជំងឺ​6នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​ដក​ដង្ហើម​ដោយ​ពឹង​លើ​ម៉ាស៊ីន​ជំនួយ។

បុគ្គលិក​ពេទ្យ​ដែល​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ហា​ប្រឈម​ក្នុង​មន្ទីរ​ពេទ្យ​ Northwick Park ​ខាង​លើ បាន​ស្នើ​សុំ​ម៉ាស់ វ៉ែនតា​ និង​ស្រោម​ដៃ​ ដោយ​សារ​បុគ្គលិកនៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ត្រូវ​បង្ខំចិត្ត​យក​ថង់​ដាក់​សំរាម​ មក​គ្រប​ក្បាល​ និង​ជើង​ ព្រោះ​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

northwick park hospitalបច្ចុប្បន្ន ប្រទេស​អង់គ្លេស​មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជិត​4,000​នាក់ ក្នុង​នោះ​មាន​177​នាក់​បាន​ស្លាប់​។ ក្រុម​អ្នក​តាម​ដាន​យល់​ថា តួលេខ​ខាង​លើ​នេះ អាច​មិន​ទាន់​បង្ហាញ​អំពី​តួលេខ​ពិត​នៅ​ឡើយ ព្រោះ​ថា មាន​តែ​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ស្រង់​ស្ថិតិ​។ មន្ត្រី​ប្រទេស​អង់គ្លេស​មាន​ការ​ព្រួយ​បារម្ភ​ថា មនុស្ស​ប្រមាណជា​180,000​នាក់ ប្រហែល​ជា​បាន​ឆ្លង​មេរោគ​ COVID-19 ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ បានសន្និដ្ឋាន​ថា អ្នក​ស្លាប់​អាច​មាន​ដល់​ទៅ​​1,000​នាក់​។

កាល​ពី​ថ្ងៃទី20មីនា ប្រទេស​អង់គ្លេស​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ បិទ​ហាង​កាហ្វេ ហាង​ស្រា ក្លិប KTV ភោជនីយដ្ឋាន កន្លែង​ប្រគំតន្ត្រី​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ផងដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19នេះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement