កម្ពុជាគ្រោងដាក់ប្រព័ន្ធធនាគារនៅព្រលានយន្តហោះដើម្បីជនបរទេសងាយស្រួលតម្កល់លុយពិនិត្យ Covid-19

កម្ពុជា​គ្រោង​នឹងដាក់​ឱ្យមាន​ការរៀបចំ​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស​ងាយស្រួល​ក្នុងការ​តម្កល់​ប្រាក់​ពេលមកដល់​កម្ពុជា ដើម្បី​ចំណាយ​លើ​ការធ្វើ​តេស្ត និង​ច​ត្តា​ឡី​ស័ក​ជាដើម។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​យើង​ដាក់​ឱ្យមាន​ប្រព័ន្ធ​ធនាគារឯកជន​នៅក្នុង​ព្រលានយន្តហោះ​នានា នោះ​យើង​នឹង​ងាយស្រួល​ក្នុងការ​រក្សា​ប្រាក់​តម្កល់​ជូន​ជនបរទេស​ទាំងអស់​ដែល​ចូលមក​ក្នុងប្រទេស​ក្នុងពេលដែល​ជំងឺ Covid-19 កំពុងមាន​វត្តមាន​លើ​ពិភពលោក​នេះ។ ចំពោះ​ប្រជាជន​ខ្មែរ​យើង​វិញ ឯកឧត្តម​បញ្ជាក់ថា យើង​អាច​ចេញចូល និង​ពិនិត្យ​ដោយ​ឥតគិតថ្លៃ ហេតុនេះ​មិន​ទាមទារ​ឱ្យមាន​ការតម្កល់​ប្រាក់​នោះទេ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់​ផងដែរ​ថា យើង​មិនត្រូវ​រើសអើង​ជាតិ​សាសន៍​ណា​ចូលមក​កម្ពុជា បើ​ពិនិត្យ​ទៅ​មាន​Covid យើង​នឹង​ព្យាបាល​គាត់​ឱ្យ​ជាសះស្បើយ ត្រលប់​ទៅ​ប្រទេស​របស់គាត់​វិញ ដូច​ករណី​អ្នកជំងឺ​Covid-19 ជា​ជន​បទេស​កន្លងទៅ​ដូច្នេះ​ដែរ។ ទន្ទឹមនឹងនោះ យើង​ឃើញ​ហើយ​ថា ជំងឺ​Covid-19 នៅ​កម្ពុជា សុទ្ធ​ជា​ករណី​នាំចូល ដូចនេះ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​Covid-19 ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា បើ​រកឃើញ​អ្នក​វិជ្ជមាន​Covid-19 យើង​នឹង​ចាប់​ឱ្យ​ជាប់ យកទៅ​ព្យាបាល មិនឱ្យ​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​នោះទេ៕

Advertisement