ប្រយោជន៍ដែលទទួលបានពីការដើរគ្រប់ 10,000ជំហានក្នុង 1ថ្ងៃ

នៅមានមនុស្សជាច្រើនដែលចង់ហាត់ប្រាណ តែអាចមិនអំណោយផលលើរឿងជាច្រើនក្នុងការចាប់ផ្ដើមរត់ ចូលក្លិបហាត់ប្រាណ ឬការហាត់ប្រាណក្នុងលក្ខណៈផ្សេងៗ ទាំងរឿងរបស់សារពាង្គកាយដែលអាចនឹងធាត់ជ្រុលពេកក្នុងការចាប់ផ្ដើមរត់ ការចាយវាយទៅលើឧបករណ៍ហាត់ប្រាណដែលថ្លៃខ្ពស់ពេក ឬវិធីការហាត់ប្រាណម្យ៉ាងៗដែលអាចនឹងធ្វើឱ្យនឿយហត់ខ្លាំងពេក ជាដើម…តែបើសិនជាការ “ដើរ” ហាត់ប្រាណវិញ ឡារ៉ែនជឿថា មនុស្សជាច្រើនគួរតែអាចធ្វើបានដោយមិនពិបាកឡើយ។

ការដើរហាត់ប្រាណ មិនមែនត្រឹមតែចុះទៅដើរ 10ជំហាន រួចត្រឡប់មកអង្គុយលើកៅអីសាឡុងទន់ល្មើយដូចមុនហើយចង់ហៅថាជាការហាត់ប្រាណដែរនោះទេ ព្រោះទោះបីជាថា ការដើរហាត់ប្រាណវាងាយស្រួលមែន តែបើចង់ដើរហាត់ប្រាណឱ្យបានប្រយោជន៍ដល់រាងកាយនោះ ក៏ត្រូវតែមានគន្លឹះល្អៗបន្តិចបន្តួចដែរ ដើម្បីឱ្យរាងកាយបានទទួលប្រយោជន៍ពីការដើរហាត់ប្រាណឱ្យបានច្រើនបំផុត។

ដើរហាត់ប្រាណយ៉ាងណាឱ្យបានប្រយោជន៍?

  • ដើរឱ្យបានរយៈចម្ងាយប្រមាណ 10,000ជំហាន នៅពេលដើរម្ដងៗ។
  • ចម្ងាយផ្លូវដែលអាចប្រៀបធៀបបាន បើមិនចង់រាប់ជំហានគឺ 6-8គីឡូម៉ែត្រ ឬប្រមាណ 15-20ជុំតារាងបាល់ទាត់។
  • មុនដើត គួរកម្ដៅរាងកាយដោយការយឺតសរសៃសរសូង បន្ធូរសាច់ដុំ ដើម្បីការពារការឈឺចាប់ផ្សេងៗ។
  • ស្លៀកពាក់ខោអាវដែលអាចបំភាយខ្យល់អាកាសបានល្អ ងាយស្រួលដើរ រួមទាំងស្បែកជើងដែលល្មមនឹងជើង មិនសាងការឈឺចាប់ដល់ប្រអប់ជើង បើជាស្បែកជើងបាតាសម្រាប់រត់ផង រឹតតែប្រសើរ។
  • ខណៈពេលដើរ ព្យាយាមរក្សាល្បឿនឱ្យនៅស្មើ មិនដើរបែបលម្ហែ ឬដើរៗឈប់ ដើរៗឈប់ ឬដើរលឿនពេកនោះទេ។ សង្កេតមើលភាពនឿយហត់របស់ខ្លួនឯងឱ្យស្ថិតក្នុងអាការហត់បន្តិចៗ មានញើសជ្រាបចេញមក តែនៅដកដង្ហើមទាន់ និងនិយាយបាន។
  • ជ្រើសរើសផ្លូវដើរដែលមានស្ថានភាពរាបស្មើ ដើម្បីកាត់បន្ថយភាពប្រថុយប្រថានក្នុងជំពប់ជើងដួល។
  • បើមានកើតហេតុខុសប្រក្រតីក្នុងអំឡុងពេលដើរ ដូចជា ងងឹតមុខ ស្រវាំងភ្នែក ឬបេះដូងលោតញាប់ខ្លាំងពេក-ល- គួរឈប់ភ្លាម ហើយអង្គុយសម្រាក។ បើមិនបានធូរស្រាលឡើងទេ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយ។

ប្រយោជន៍ដែលបានពីការដើរហាត់ប្រាណ

1 . ជួយបង្កើនភាពរឹងមាំដល់សាច់ដុំ ដោយមានភាពប្រថុយនឹងអាការរងរបួសតិចបំផុត។

2 . បង្កើនភាពស្វាហាប់ដល់ឆ្អឹង និងសន្លាក់។

3 . ជួយដុតបំផ្លាញកម្លាំងថាមពល និងជាតិស្លាញ់ដែលលើសបានល្អ។

4 . ជួយឱ្យការធ្វើការងាររបស់បេះដូង និងសួតដំណើរការល្អឡើង។

5 . ជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតល្អ។

ចំណុចគួរប្រយ័ត្នក្នុងការដើរហាត់ប្រាណ

គួរជ្រើសរើសទីកន្លែងដើរហាត់ប្រាណដែលមានសុវត្ថិភាព មិនស្ថិតនៅជិតផ្លូវថ្នល់ដែលមានរថយន្ត និងកង់ម៉ូតូបើកបរទៅមកច្រើន។ សម្រួលកម្រិតល្បឿនក្នុងការដើរឱ្យសមល្មមនឹងរាងកាយរបស់ខ្លួនឯង មិននឿយហត់ខ្លាំងជ្រុលពេក និងគួរដើរហាត់ប្រាណតែនៅពេលដែលរាងកាយស្ថិតក្នុងសភាពមាំទាំល្អប៉ុណ្ណោះ(គ្មានអាការគ្រុនក្ដៅ ឬមានរោគប្រចាំកាយដែលកំពុងញាំញីខ្លាំង)៕

Advertisement