អភិបាល​តំបន់2រូប​របស់​ប្រទេស​អ៊ីតាលី បាន​ឆ្លង​ Covid-19! អ៊ីតាលី​ក្លាយ​ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​ជាង​គេ​លំដាប់​ទី2 នៅ​ក្នុង​…

អភិបាល​តំបន់ Piedmont លោក Alberto Cirio ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា Covid-19 ក្លាយ​ជា​អ្នក​ដឹក​នាំ​តំបន់​ទី​2 របស់​អ៊ីតាលី ដែល​បាន​ឆ្លង​មេរោគ​នេះ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ 24ម៉ោង​កន្លងប៉ុណ្ណោះ​។

តំបន់ Piedmont ស្ថិត​នៅ​ក្នុង​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ីតាលី ដោយ​មាន​ទីក្រុង​ធំ​ឈ្មោះ Turin។ នេះ​គឺជា​តំបន់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​បំផុត​លំដាប់​ទី4 ដោយ​សារ​វីរុស​ Covid-19 នៃ​ប្រទេស​នេះ​។

អភិបាល​តំបន់ Piedmont លោក Alberto Cirio

នៅ​មុន​ករណី​​ឆ្លង​រោគ​របស់​​​អភិបាល​តំបន់ Piedmont អភិបាល​តំបន់ Lazio លោក Nicola Zingaretti អាយុ​54ឆ្នាំ កាល​ពី​ថ្ងៃទី​7មីនា ក៏​បាន​ប្រកាស​ថា បាន​ឆ្លង​រោគ​រាតត្បាត​ Covid-19 នេះ​ដែរ​ ប៉ុន្តែ​ លោក​ឱ្យ​ដឹង​ថា លោក​នៅ​មាន​សុខ​ភាព​ល្អ​នៅ​ឡើយ​។ លោក Zingaretti ក៏ជា​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​អ៊ីតាលី ហើយ​បក្ស​នេះ​ បាន​រួម​ដៃ​ជាមួយ​ចលនា​ផ្កាយ5 (Five Star Movement) បង្កើត​បាន​ជា​រដ្ឋាភិបាល​ចម្រុះ​ ដឹក​នាំ​ប្រទេស​អ៊ីតាលីផងដែរ​។

លោក Zingaretti ​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ និង​ជា​អភិបាល​តំបន់ Lazio

ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ចំនួន​ 1,492​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នកបាន​ឆ្លង​វីរុស​នេះ​ កើន​ដល់​ 7,375នាក់​។ បច្ចុប្បន្ន ប្រទេស​នេះ បាន​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី2 ជំនួស “តំណែង” របស់​​កូរ៉េខាង​ត្បូង៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement