ប្រតិកម្ម៩ យ៉ាងរបស់រាងកាយដែលយើងគិតថាជារឿងប្រក្រតី តែ…

ទំព័រសុខភាពលេខនេះ ឡារ៉ែនមានសារៈខ្លឹមសារល្អៗពាក់ព័ន្ធនឹងសុខភាពរាងកាយដែលមិត្តអ្នកអានអាចនឹងមិនធ្លាប់បានដឹងពីមុនមកជម្រាបជូន។

ជាប្រក្រតីរាងកាយរបស់មនុស្សយើងមានប្រតិកម្មជាច្រើនដែលមនុស្សភាគច្រើនគិតថា វាជារឿងប្រក្រតីធម្មតាដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃតាមធម្មជាតិ ដូចជា ការស្ងាប ការកណ្ដាស់ ជាដើម ទាំងអស់នោះវាជារឿងអស្ចារ្យម្យ៉ាងរបស់រាងកាយមនុស្សយើង តែការពិតវាជាយន្តការមួយក្នុងការការពារខ្លួនរបស់រាងកាយយើងហ្នឹងឯង ទើបថ្ងៃនេះឡារ៉ែនសូមនាំ ប្រតិកម្ម 9 យ៉ាងរបស់រាងកាយមនុស្សយើងមកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នាបានដឹង។

1 . កណ្ដាស់ ៈ ជាប្រក្រតីយើងនឹងកណ្ដាស់នៅពេលច្រមុះរបស់យើងមានសារធាតុបង្កប្រតិកម្មចាញ់អ្វីម្យ៉ាង ដូចជា ធូលីដីក្លិនឆួល ឬអ្វីម្យ៉ាងដែលប៉ះពាល់សាច់ភ្នាសច្រមុះខ្លាំងជ្រុលពេក ដូច្នេះទើបការកណ្ដាស់ប្រៀបដូចជាការកម្ចាត់សំរាមចេញពីរាងកាយដែរ។

2 . ស្ងាប ៈ ជាប្រតិកម្មម្យ៉ាងដែលរាងកាយធ្វើឡើងដើម្បីឱ្យខួរក្បាលត្រជាក់ចុះ បន្ទាប់ពីខួរក្បាលបានទទួលកម្ដៅខ្លាំងជ្រុលពេក។

3 . ព្រឺសម្បុរ(ព្រឺរោម) ៈ វាជាការបន្ថយបរិមាណកម្ដៅនៅក្នុងរាងកាយតាមរយៈរន្ធរោម ដើម្បីជាការផ្ដល់ភាពកក់ក្ដៅចំពោះរាងកាយក្នុងសភាពអាកាសធាតុមិនអំណោយផល។

4 . ភ្ញាក់កន្រ្តាក់ពេលគេងលក់ ៈ ជាអាការដែលពេលអ្នកកំពុងគេងលក់ទៅហើយនោះ សុខៗស្រាប់តែកើតអាការភ្ញាក់កន្រ្តាក់ភ្លាមឡើងតែម្ដង។ ជាការកន្រ្តាក់របស់សាច់ដុំ ដែលជួនកាលវាអាចកន្រ្តាក់ខ្លាំងរហូតដល់អ្នកខ្លះសឹងតែធ្លាក់ពីលើគ្រែផងក៏មាន។

វាជាលទ្ធផលមកពីក្រោយពេលរាងកាយលង់លក់ទៅ ចង្វាក់នៃការដកដង្ហើមនឹងធ្លាក់ចុះទាបភ្លាមៗ និងខណៈពេលជាមួយគ្នា ជីពចរក៏នឹងលោតយឺតដែរ រួមទាំងសាច់ដុំក៏បន្ធូរខ្លួនដែរផងនោះ ដូច្នេះទើបខួរក្បាលត្រូវធ្វើឱ្យរាងកាយស្វាហាប់ឡើងវិញដើម្បីមិនឱ្យប្រព័ន្ធផ្សេងៗធ្វើការយឺតរហូតដល់ឈប់ធ្វើការ ទើបខួរក្បាលបញ្ជូនការងារធ្វើឱ្យរាងកាយអង្រួនឡើងហ្នឹងឯង។ អាចនិយាយបានថា នេះជាភាពអស្ចារ្យមួយរបស់ខួក្បាលមនុស្សយើង។

5 . ទឹកភ្នែក ៈ ក្រៅពីការបំពេញតួនាទីការពារមិនឱ្យវត្ថុចម្លែកផ្សេងៗចូលមកក្នុងកែវភ្នែកហើយនោះ ទឹកភ្នែកថែមទាំងជាឧបករណ៍ការពារខាងអារម្មណ៍ទៀតផង ដោយអ្នកវិទ្យសាស្រ្តជឿថា ក្នុងស្ថានការណ៍ដែលតានតឹង រាងកាយនឹងសាងចំណាប់អារម្មណ៍ទៅកន្លែងផ្សេងទើបធ្វើឱ្យកែវភ្នែកក្រហាយ និងយំស្រក់ទឹកភ្នែកចេញមក។

6 . ស្បែកឡើងផុយ ៈ​ ក្រោយពីរាងកាយ ឬស្បែកមនុស្សយើងត្រូវទឹក ឬត្រាំក្នុងទឹកអស់រយៈពេលយូរ គេសង្កេតឃើញថា ស្បែកឡើងជ្រួញផុយ ជាពិសេសនៅលើដៃ និងជើង។ វាជារឿងដែលកើតឡើងបាន បើសិនជារាងកាយបានទទួលភាពទទឹកសើមក្នុងបរិមាណខ្ពស់ ដូច្នេះស្បែកនឹងចាប់ផ្ដើមសម្រួលខ្លួនភ្លាមដើម្បីឱ្យអាចចាប់កាន់វត្ថុរាបស្មើរលោងៗបានយ៉ាងងាយ។

7 . ការបាត់បង់ការចងចាំ ៈ ច្រើនតែកើតឡើងក្រោយពីបានជួបហេតុការណ៍អាក្រក់បំផុត ដូច្នេះទើបខួរក្បាលធ្វើការលុបការចងចាំនោះចោល។

8 . ត្អើក ៈ ការញ៉ាំអាហារយ៉ាងរហ័ស លេបអាហារដុំធំៗ ឬញ៉ាំច្រើនជ្រុលពេក នឹងហុចផលរំខានប្រព័ន្ធប្រសាទ Pneumogastric បន្ទាប់ពីនោះប្រព័ន្ធប្រសាទនឹងតភ្ជាប់មករកក្រពៈ និងក្បាំងខ្យល់របស់យើងធ្វើឱ្យកើតការត្អើកឡើង។

9 . ការពន្យឺត ឬពត់ខ្លួន ៈ តាមសញ្ជាតិញាណ យើងតែងតែពន្យឺត ឬពត់ខ្លួនដើម្បីត្រៀមភាពប្រុងប្រៀបសម្រាប់រាងកាយ តែក្នុងខណៈពេលជាមួយគ្នានោះ ការពន្យឺតសាច់ដុំក៏ជួយស្ដារចរន្តឈាមរត់ និងជួយបង្កើនអារម្មណ៍ឱ្យរាងកាយមានភាពស្វាហាប់ផងដែរ៕

Advertisement