វេជ្ជបណ្ឌិត លី សូវ៉ាន់ ថារលកទី2 នៃ Covid-19 អាចកើតឡើងគ្រប់ពេល

ក្រោយ​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច សម្រាប់​ជំងឺ Covid-19 នៅ​កម្ពុជា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ យើង​ឃើញ​មាន​ករណី​នាំចូល​មួយចំនួន​នៅតែ​កើតមាន​ឡើងជា​បន្ទាប់។

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា យើង​បាន​ទប់ស្កាត់​យ៉ាង​ជោគជ័យ​នូវ​ហានិភ័យ​នៃ​មេរោគ Covid-19 មិនឱ្យ​ចូលទៅក្នុង​សហគមន៍ តែ​យើង​ក៏​មិនអាច​ធ្វេសប្រហែស​បានដែរ ព្រោះ​រលក​ទី2 អាច​នឹង​កើតឡើង​គ្រប់ពេល។

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ផងដែរ​ថា ការទប់ស្កាត់​ជំងឺ Covid-19 មិនអាច​ខ្វះ​ការចូលរួម​ពី​ប្រជាជន និង​ភាគី​ពាក់ព័ន្ធ​បាន​នោះទេ ព្រោះ​បច្ចុប្បន្ននេះ ស្ថានភាព​នៅ​ផុយស្រួយ​នៅឡើយ ដោយសារតែ​ប្រទេសជិតខាង​យើង និង​ពិភពលោក​ទាំងមូល​ពុំទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ។ ថ្មីៗនេះ​ដើម្បី​ទប់ស្កាត់​ករណី​ប្រឈម​ខ្លាំង យើង​បាន​បិទ​ជើងហោះហើរ​ពី​ម៉េ​ឡេ​ស៊ី និង​ឥណ្ឌូនេស៊ី ហើយ​បន្ត​តាមដាន​សុខភាព​គ្រប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក​ជាដើម។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា ករណី​ជំងឺឆ្លង​Covid-19នេះ ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្តី ទាំង​ក្នុង​ពិភពលោក​ក្តី គឺ​ស្ថានភាព​ជំងឺ​នេះ​នៅមាន​ពេលវេលា​វែងឆ្ងាយ​ណាស់ ដោយ​តម្រូវឱ្យ​មានការ​រងចាំ​ឱ្យមាន​វ៉ាក់សាំង​ការពារ ឬក៏​ថ្នាំ​ព្យាបាល​សិន ទើប​អាច​សន្ម​ត់​ថា ជំងឺ​នេះ​អស់​ឥទ្ធិពល​នៅពេលណា? ប៉ុន្តែ​រហូតមកទល់​ពេលនេះ ពុំទាន់​មានការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ណាមួយ ពី​អង្គការ​សុខភាព​ពិភពលោក​នោះទេ ទាក់ទិន​ទៅនឹង​វ៉ាក់សាំង ក៏ដូចជា​ថ្នាំ​ព្យាបាល​ជាដើម។ ម្យ៉ាងវិញទៀត អង្គការ​សុខភាព​ពិភពលោក ក៏បាន​ឱ្យនិយមន័យ​រួចហើយ​ដែរ​ថា ជំងឺ​Covid-19 ជា​ជំងឺ​ដែល​រាតត្បាត​ជាស​កល មិន​ថា​នៅ​ប្រទេស​ណា តំបន់​ណា​នោះទេ គឺ​ជំងឺ​នេះ​បាន​វាយលុក​ទៅដល់​រួចទៅហើយ ខណៈ​អ្វីដែល​គ្រប់គ្នា​ត្រូវធ្វើ​នៅពេលនេះ គឺ​ការទប់ស្កាត់​ការរីក​រាលដាល​ទៅក្នុង​សហគមន៍៕

Advertisement