អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ឆ្លង​វីរុស​ Covid-19!

ការិយាល័យ​អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល បានប្រកាស​ឱ្យដឹងថា លោក Hamilton Mourao វិជ្ជមាន​នឹង Covid-19 ដែល​នេះ​បានធ្វើឱ្យ​តួលេខ​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ឆ្លង​វីរុស​សរុប​នៅក្នុង​ប្រទេស​នេះ កើនឡើង​ថែម​មួយកម្រិត​ទៀត។

ការិយាល័យ​របស់​អនុ​ប្រធានាធិបតី Hamilton Mourao ឱ្យដឹងថា លោក​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​កាលពី​រសៀល​ថ្ងៃទី 27 ខែធ្នូ ហើយ​លោក​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិមាន Jabiru នា​រដ្ឋធានី Brasilia ជា​កន្លែង​ស្នាក់នៅ​ផ្លូវការ​របស់​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​នេះ។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល ក្នុង​ថ្ងៃ​ដដែល​ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 18,479 នាក់ និង​ស្លាប់​ថ្មី 344 នាក់ ដោយសារ Covid-19។ បច្ចុប្បន្ន ប្រេ​ស៊ី​ល​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ឥណ្ឌា ដោយមាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង 7 លាន​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ជាង 191,000 នាក់ បាន​បាត់​បង់ជីវិត។

សូម​រំលឹកថា ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro កាលពី​ខែកក្កដា ក៏បាន​ឆ្លង​វីរុស Covid-19 និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​គេហដ្ឋាន​របស់លោក។ ចំណែក​សមាជិក​គណរ​ដ្ឋ​មន្ត្រី​ចំនួន​ពាក់កណ្ដាល​របស់លោក Jair Bolsonaro ក៏បាន​ឆ្លង​វីរុស​នេះ​នៅក្នុង​អំឡុង​ច្រើន​ខែ​កន្លងមកនេះ​ផងដែរ៕

ប្រភព៖ Reuters

Advertisement