នៅស្ងៀមៗ ហូរឈាមច្រមុះ អាចមានន័យពីសញ្ញាអាក្រក់របស់ជំងឺដែលបង្កប់នៅខាងក្នុង

ហូរឈាមច្រមុះបណ្តាលមកពីអ្វី? បើអ្នកណានៅរកមូលហេតុដែលឈាមហូរចេញពីច្រមុះមិនទាន់ឃើញ សូមកុំធ្វើព្រងើយឱ្យសោះ ព្រោះអាការហូរឈាមច្រមុះដោយគ្មានមូលហេតុនេះអាចប្រាប់ពីសភាវរបស់ជំងឺ ឬភាពខុសប្រក្រតីរបស់រាងកាយក៏អាចថាបានដែរ បើអ៊ីចឹងយើងនាំគ្នាមកមើលថា ការពិតទៅការនៅសុខៗហូរឈាមច្រមុុះហ្នឹងបណ្តាលមកពីអ្វីខ្លះ?។

1. គ្រុនផ្តាសាយ អាការប្រតិកម្ម ឬអាការរលាកផ្សេងៗ

អាការនេះអាចបណ្តាលមកពីការបែកសរសៃឈាមតូចៗនៅក្នុងច្រមុះ ដោយការញើសសំបោខ្លាំងជ្រុលពេក ឬអាការរលាកផ្សេងៗនៅខាងក្នុងច្រមុះ ដែលពេលព្យាបាលអាការទាំងនោះឱ្យជាសះទៅវិញហើយនោះ ឈាមក៏នឹងលែងហូរចេញមកទៀតដែរ។

2. បញ្ហាសុខភាព

American Heart Association បានបង្ហើបឱ្យដឹងថា បើសិនអាការហូរឈាមតាមច្រមុះរបស់លោកអ្នកចេញមកព្រមជាមួយអាការឈឺក្បាល ធ្ងន់ក្បាលយ៉ាងខ្លាំង ដកដង្ហើមញាប់ និងមានអាការញ័រដើមទ្រូងនោះ អាចបង្ហាញអំពីសភាវជំងឺបេះដូង ជំងឺថ្លើម រោគក្រលៀន រោគពិសសុរារ៉ាំរ៉ៃ ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធឈាមផ្សេងៗ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រោះសភាវរបស់ជំងឺទាំងនេះអាចធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់លើសពីប្រក្រតី រហូតដល់ឈាមត្រូវតែហូរចេញមកតាមរន្ធច្រមុះដើម្បីបញ្ចុះសម្ពាធឈាមទាំងនោះ។ អាការហូរឈាមច្រមុះបែបនេះ មិនគួរឱ្យទុកចិត្តជាទីបំផុត ព្រោះមានន័យពីអាការរបស់ជំងឺដែលកំពុងកើតចាប់ផ្តើមកម្រើកឡើងហើយ។

3. ធាតុអាកាសដែលស្ងួតជ្រុលខ្លាំងពេក

ធាតុអាកាសដែលស្ងួតរហូតជ្រុលពេកអាចធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងច្រមុះឡើងស្រួយ និងបែក នាំមកនូវឈាមដែលហូរចេញមកក្រៅឱ្យឃើញ ដែលយើងអាចការពារបានដោយការបន្ថែមសំណើមនៅក្នុងអាកាស ដោយនៅពេលគេងចូរយកទឹកមួយផ្តឹលមកដាក់នៅលើតុក្បាលដំណេកជិតក្បាល ឬទទួលទានផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ឬម្នាស់ជាប្រចាំ វាអាចជួយការពារការហូរឈាមច្រមុះបាន។

4. ថ្នាំប្រភេទខ្លះ

ជាពិសេសថ្នាំបន្ថយការបង្កកខ្លួនរបស់ឈាម ឬថ្នាំប្រឆាំងការលាកដែលអាចជាមូលហេតុរបស់អាការហូរឈាមច្រមុះបាន។

5. ការក្រហាយផ្សារ ឬអាការរងរបួសក្នុងបរិវេណសាច់ភ្នាសច្រមុះ

មិនថាតែការខ្វេះច្រមុះ ញីច្រមុះខ្លាំងៗ ការញើសសំបោ ឬការប្រែប្រួលរបស់អាកាសធាតុយ៉ាងឆាប់រហ័ស ដូចជា ខណៈពេលជិះយន្តហោះ ឬកប៉ាល់មុជទឹក ជាដើម។ លក្ខណៈបែបនេះអាចធ្វើឱ្យកើតអាការហូរឈាមច្រមុះបានងាយជាងប្រក្រតី។

ការបថមព្យាបាលចំពោះអ្នកដែលហូរឈាមច្រមុះ

1 . ឱ្យអ្នកជំងឺងើយមុខឡើង ឬឱនមុខចុះខ្លាំង ហើយយកដៃច្របាច់ច្រមុះឱ្យយូរប្រមាណជា 5 – 10 នាទី ក្នុងអំឡុងពេលនោះឱ្យអ្នកជំងឺដកដង្ហើមវែងៗតាមមាត់ជំនួសសិន និងអាចដាក់កន្សែងត្រជាក់ ឬថង់ទឹកកកនៅលើក្តោងច្រមុះផងក៏បាន។

2 . ក្រោយពីមានហូរឈាមច្រមុះក្នុងរយៈពេល 24 – 48 ម៉ោងដំបូង គួរចៀសវាងការញើសសំបោខ្លាំងៗ ការកេះ ឬខ្វេះរន្ធច្រមុះ ការបញ្ចេញកម្លាំងខ្លាំងៗ ការហាត់ប្រាណខ្លាំងៗធ្ងន់ៗ ឬធ្វើកិច្ចការងារណាដែលអាចកើតផលប៉ះពាល់ដល់បរិវេណច្រមុះគ្រប់ប្រភេទ។

3 . នៅពេលឈាមឈប់ហូរហើយ គួរតែគេងសម្រាក ដោយដាក់ក្បាលឱ្យខ្ពស់ បន្ទាប់ពីនោះយកទឹកកកមកដាក់ស្អំនៅលើថ្ងាស់ ឬបំពង់ក ឬមិនទេក៏អាចបៀមទឹកកក ដើម្បីឱ្យឈាមឈប់ហូរក៏បាន តែការស្អំ ឬបៀមទឹកកកនេះគួរប្រើពេលវេលាត្រឹមតែ ម្តងៗ 10 នាទីបានហើយ ដោយសម្រាក 10 នាទី បន្ទាប់មកសឹមដាក់ស្អំ ឬបៀមទឹកកកជាថ្មីម្តងទៀត។

4 . ក្នុងករណីដែលធ្វើការបថមព្យាបាលហើយ តែឈាមនៅតែមិនឈប់ហូរ គួរតែប្រញាប់នាំអ្នកជំងឺទៅមន្ទីពេទ្យភ្លាមតែម្តង ភាពខុសប្រក្រតីខាងរាងកាយ ដូចជាការហូរឈាមច្រមុះនេះជាដើម អាចបញ្ជាក់អំពីសភាវជំងឺដង្កាត់របស់រាងកាយបានច្រើនយ៉ាងណាស់ ដូច្នេះគួរតែនាំគ្នាយកចិត្តទុកដាក់មើលថែទាំសុខភាព កុំភ្លេចភ្លាំងឱ្យសោះ ទាំងអស់នេះគឺដើម្បីសុខភាពដ៏ល្អ និងរាងកាយដ៏រឹងប៉ឹងមាំមួន ប្រាសចាករោគភ័យរបស់យើងទាំងអស់គ្នា៕

Advertisement