លោកជំទាវ ឱ វណ្ណឌីន ថាហានិភ័យឆ្លងអាចនឹងខ្ពស់បើការឈប់សម្រាក 5ថ្ងៃខាងមុខប្រជាជនធ្វេសប្រហែស

មិនយូរ​ទៀត​ទេ ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​នឹងត្រូវ​ដល់​ថ្ងៃ​ឈប់សម្រាក​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ឈប់​រហូតដល់​ទៅ 5ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​កាលពី​បុណ្យចូលឆ្នាំថ្មី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា ប្រសិនបើ​ប្រជាជន​យើងទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ពស់​នោះទេ អត្រា​ឆ្លង​មេរោគ Covid-19 អាច​នៅតែមាន​ខ្ពស់។ លោកជំទាវ​ថា នៅ​ថ្ងៃទី 17 ខែកក្កដា ឆ្នាំ2020នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន 5នាក់​បន្ថែមទៀត។ ការរកឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​នេះ បង្ហាញថា​កម្ពុជា​មិនទាន់​ឆ្លង​ផុត​ហានិភ័យ​ដែល​កើតឡើង​ដោយសារតែ​ជំងឺ Covid-19 នៅឡើយ​ទេ។

លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រើន​រំ​ឮ​កថា ថ្វីត្បិតតែ​កន្លងមក​អ្នក​ដែល​រកឃើញ​ថ្មី​ថា​មាន​ផ្ទុក​ជំងឺ Covid-19 សុទ្ធតែជា​ករណី​នាំចូល តែ​ប្រជាជន​គ្រប់គ្នា​មិនគួរ​ធ្វេសប្រហែស​នោះទេ។ ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅតែ​ខ្ពស់ ព្រោះ​យើង​មិនអាច​មើល​នឹង​ភ្នែក​ទទេ​ដឹងថា​បុគ្គល​ណា​មាន​ផ្ទុកមេរោគ Covid-19 ឬ​មិនមាន​នោះទេ។ ហេតុនេះ​សម្រាប់​ប្រជាជន​ទាំងអស់​ដែល​ទៅ​ស្រុកកំណើត​នៅ​ថ្ងៃ​ឈប់សម្រាក​នាពេលខាងមុខ​នេះ ចាំបាច់​ត្រូវតែ​អនុវត្ត​នូវ​វិធាន​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​រាល់​ការជួបជុំ​នានា៕

Advertisement