ល្បិច11យ៉ាងដែលបុរសៗអាច​លួច​ពីនារីៗ

បើ​និយាយ​ពី​របៀប​នៃ​ការតុបតែង​ខ្លួន​របស់នារីៗវិញ យើង​សង្កេតឃើញថា មាន​ច្រើន​ស្ទើរ​រាប់មិនអស់​នោះទេ ឯ​ចំណែកបុរសៗវិញ ហាក់ដូចជា​មិនសូវ​ជា​ខ្វាយខ្វល់​ពី​ការតុបតែង​ខ្លួន​ទាល់តែសោះ តែ​ទោះជា​យ៉ាងណាក្តី​ក្នុងនាម​អ្នកជា​បុរស​ម្នាក់ អ្នក​ក៏​ត្រូវតែ​ផ្តល់នូវ​ភាព​សង្ហា​ដល់​ខ្លួនឯង​ដែរ។ សម្រាប់​បុរស​ដែល​ត្រូវការ​ភាព​ស្អាត ឡា​រ៉ែ​ន ចង់ឱ្យ​អ្នកចេះ​លួចល្បិចខ្លះៗនៃ​ការតុបតែង​ខ្លួន​ពីនារីៗ ហើយ​យើង​ជឿជាក់ថា​ល្បិច​ទាំងនោះ ប្រាកដជា​អាចជួយ​អ្នក​បាន។

1. បញ្ឈប់​ការប្រើ​សាប៊ូ​ដុស​មុខ​ច្របូកច្របល់​គ្នា: បើ​និយាយ​ពី​ស្ត្រី ហាក់ដូច​ជាមាន​ប្រភេទ​សាប៊ូផ្សេងៗគ្នា​ច្រើនណាស់​សម្រាប់​ប្រើ​ប្រចាំថ្ងៃចំណែក​បុរស​វិញ​ច្រើនតែ​ប្រើ​សាប៊ូ​ច្របូកច្របល់​ចូលគ្នា ពេលខ្លះ​លាងមុខ ពេលខ្លះ​ដុស​ខ្លួន ហើយ​ពេលខ្លះទៀត​អាច​នឹង​យក​សាប៊ូកក់​សក់មក​ដុស​មុខ​ផង​ក៏មាន។ ប្រសិនបើ​អ្នក​ពិតជា​មាន​ទម្លាប់​ដូចខាងលើ​មែន​នោះ អ្នក​ត្រូវតែ​កែប្រែ ព្រោះ
សាប៊ូ​ទាំងនោះ​អាច​បណ្តាលឱ្យ​ស្បែក​មុខស្ងួត និង​ត្រូវ​បំផ្លាញ។ ត្រូវ​ចងចាំ​ថា មុខ​ត្រូវ​សម្អាត​ដោយ​សាប៊ូ​សម្អាត​មុខតែ1មុខ​គត់ មិនមែន​សាប៊ូ​លាងដៃ ឬ​សាប៊ូ​ដុស​ខ្លួន​នោះទេ។

2. ការពារ​ស្បែ​កដោយ SPF ជា​រៀងរាល់​ថ្ងៃ: ការសិក្សាបាននិយាយថា មានបុរសតិចតួចណាស់ដែលតែងតែការពារស្បែកពីកម្តៅថ្ងៃ បើប្រៀប-ធៀបជាមួយនារីៗ។ ការពិតទៅ មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេគឺ ត្រូវតែថែរក្សាការពារឱ្យបានល្អ មិនថាដោយវិធីណានោះទេ។ការលាបឡេការពារកម្តៅថ្ងៃមិនមែនជារឿងអាម៉ាសនោះទេ តែវាថែមទាំងអាចជួយកាត់បន្ថយស្បែក ដែលមានសភាពជាំខ្មៅបានរហូតដល់ពាក់កណ្តាលទៀតផង។

3. សម្អាតសក់: ការអប់ ឬកក់សក់ឱ្យបានស្អាតជាប្រចាំ អាចជួយឱ្យសក់របស់អ្នកមានភាពទន់ភ្លឺរលោង និងមានសុខភាពល្អ ពិសេសនៅក្នុងអាកាសធាតុក្តៅអ្នកគួរតែយកចិត្តទុកដាក់ថែរក្សាវាឱ្យបានខ្លាំងជាងពេលធម្មតា ព្រោះអា-កាសធាតុក្តៅសក់ងាយនឹងទទួលរងនូវការបំផ្លាញជាងពេលណាទាំងអស់។

4. លាងសម្អាតគ្រឿងតុបតែង: នារីភាគច្រើនសុទ្ធតែបានដឹងថា ពួកគេត្រូវលាងសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខរបស់គេឱ្យបានស្អាតសិនមុននឹងចូលគេង ប៉ុន្តែមិនដឹងថា តើបុរសមួយចំនួនបានដឹងដែរឬទេថា ជែល ប្រេងលាបសក់ឬស្ព្រៃយ៍បាញ់សក់ដែលខ្លួនប្រើនោះក៏អាចនឹងបង្កឱ្យថ្ងាស និងផ្ទៃមុខរបស់អ្នកកើតមុនបានដែរ។ ដូច្នេះមុនចូលគេងអ្នកត្រូវសម្អាតវាឱ្យបានស្អាតជាមុនសិន ដើម្បីចៀសវាងសារធាតុទាំងនោះមកបំផ្លាញសម្រស់របស់អ្នក។

5. កម្ចាត់ស្បែកចាស់ៗ: មនុស្សស្រីតែងកម្ចាត់ស្រទាប់ស្បែកចាស់ៗរបស់គេតាមវិធីផ្សេងគ្នាដូចជាការខាត់ស្បែកជាដើម ប៉ុន្តែប្រសិនបើអ្នកមិនចង់ធ្វើដូចពួកគាត់ទេនោះ អ្នកគ្រាន់តែឧស្សាហ៍ដុសខាត់ស្បែករបស់អ្នកដោយអេប៉ុង ឬស្បៃដុសខ្លួនធម្មតាៗក៏បាន តែត្រូវប្រាកដថាឧបករណ៍ទាំងនោះអាចកម្ចាត់ស្បែកងាប់ចាស់ៗចោលបាន។

6. បុរសក៏ត្រូវការបបូរមាត់ទន់រលោងដែរ: មិនថាការប្រើវិធីណានោះទេ អ្នកត្រូវតែធ្វើយ៉ាងណាការពារបបូរមាត់របស់អ្នកឱ្យគេចផុតពីសភាពគ្រើម ប្រះបែក ស្ងួត គ្មានសំណើម ហើយមានសភាពស្លេកស្លាំង។ សូមចាំទុកណាមិត្តៗសុភាពបុរសទាំងឡាយ បបូរមាត់ទន់មើលទៅរលោងស្អាតមិនមែនចាំបាច់តែសម្រាប់ស្រ្តីនោះទេ តែវាក៏សំខាន់ណាស់ដែរសម្រាប់អ្នក ដើម្បីទាញយកចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ពិសេសគឺនារីៗតែម្តង។

7. គិតឡើងវិញពីក្រែមកោរពុកមាត់ដែលអ្នកប្រើ: ពេលខ្លះអ្នកអាចនឹងមិនគិតដល់បញ្ហាដ៏តូចនេះនោះទេ ប៉ុន្តែអ្នកប្រហែល​ជាមិនទាន់ដឹងទេថា ជែលកោរពុកមាត់ធម្មតាៗដែលអ្នកប្រើប្រាស់រាល់ថ្ងៃផ្ទុកជាតិអាល់កុលច្រើន ដែលអាចបណ្តាលឱ្យស្បែករបស់អ្នកស្ងួត និងរោល។ ក្រែមកោរពុកមាត់ដែលល្អបំផុតសម្រាប់ការកោរពុកមាត់គួរតែជាក្រែមដែលមានផ្ទុកសារធាតុក្រែមខ្ពស់ និងអាចជួយឱ្យមានភាពទន់រលោង ងាយស្រួលក្នុងការកោរ។
8. ផ្តល់សំណើមដល់ផ្ទៃមុខ: ការប៉ះពាល់រាល់ថ្ងៃជាមួយកម្តៅថ្ងៃជាកត្តាមួយដែលធ្វើឱ្យស្បែកមុខរបស់អ្នកទទួលរងនូវការបំផ្លាញ ដូច្នេះអ្នកមិនត្រូវភ្លេចពីការផ្តល់សំណើមដល់ស្បែកមុខនោះទេ។ ជ្រើសរើសវិធីផ្សេងក្នុងការផ្តល់សំ-ណើមឱ្យស្បែកមុខរបស់អ្នកក៏បាន ឱ្យតែអ្នកពេញចិត្ត តែត្រូវធ្វើវាឱ្យប្រកបដោយប្រសិទ្ធភាព។

9. ពិនិត្យមើលទម្រង់ចិញ្ចើម: នោះមិនមែនមានន័យថា អ្នកត្រូវគូស ឬកោរចិញ្ចើមរបស់អ្នកឱ្យលេចចេញជារូបរាងតូចស្តើងដូចស្ត្រីនោះទេ តែអ្នកគួរតែពិនិត្យមើលប្រសិនរោមចិញ្ចើមរបស់អ្នកមើលទៅវែងជ្រុលពេល ក្រាស់ខ្លាំង ត្រង់ភ្លឹងគ្មានរាងអីបន្តិចសោះនោះ អ្នកក៏ត្រូវតែកែច្នៃវាបន្តិចដែរ។ ការកាត់រោមចិញ្ចើមដែលវែងខ្លាំងចេញ ការដករោមចិញ្ចើមចេញខ្លះ ដើម្បីឱ្យមើលឃើញរាងចិញ្ចើម វាមិនមែនជារឿងដែលត្រូវខ្មាសគេនោះទេ តែវាជាការល្អទៅវិញទេនៅពេលដែលអ្នកមានចិញ្ចើមមួយគូដ៏គួរឱ្យទាក់ទាញ។

10. ធ្មេញ និងខ្យល់ដកដង្ហើម: មិនត្រូវបណ្តោយឱ្យក្លិនមាត់ និងបញ្ហាសុខភាពមាត់ធ្មេញមកបំផ្លាញភាពជឿជាក់ក្នុងទំនាក់ទំនងរបស់អ្នកនោះទេ។ សូមចាំថាអ្នកត្រូវធ្វើការដុសសម្អាតធ្មេញឱ្យបានពីរដងក្នុងមួយថ្ងៃដើម្បីខ្យល់ដកដង្ហើមល្អ ធ្មេញសស្អាត និងគុណប្រយោជន៍ផ្សេងៗទៀត។

11. សម្អាតក្រចក: មិនចាំបាច់ត្រូវការតុបតែងអីច្រើនដូចនារីភេទនោះទេ ព្រោះបើនិយាយពីរឿងក្រចកជាមួយបុរសៗ វាជាការងាយស្រួលបំផុតក្នុងការថែរក្សាក្រចករបស់អ្នកឱ្យមើលទៅស្អាត ដោយគ្រាន់តែធ្វើការកាត់ រួស សម្អាតក្អែលនៅបរិវេណនោះចេញឱ្យបានស្អាតនោះជាការស្រេចបាត់ទៅហើយ៕

Advertisement