តែទឹក​ដោះគោ​គជ់​បង្ក​​ហានិភ័យ​​ «ញៀន» និង «​វិបត្តិ​ផ្លូវ​ចិត្ត​»

(ប្រទេស​ចិន) – ក្រុម​អ្នក​ជំនាញ​ឱ្យ​ដឹង​ថា អាការ​ញៀន​តែ​ទឹក​ដោះ​គោ​គឺជា​មាន​ពិត​ និង​អាច​នាំ​ឱ្យ​មាន​បញ្ហា​ថប់​អារម្មណ៍ និង​ផ្លូវ​ចិត្ត។

ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Tsinghua និង​សាកលវិទ្យា​ល័យ​ជាតិ​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (CUFE) ចិន ធ្វើ​ឡើង​លើ​និស្សិត​ជាង 5,200 នាក់​​នៅ​ទីក្រុង​ប៉េកាំង និង​ប្រកាស​លើ​ទស្សនាវដ្ដី Journal of Affective Disorders កាល​ពី​ចុង​ខែ​កញ្ញា​ 2023​។

«តែ​ទឹក​ដោះ​គោ​កំពុង​ពេញ​និយម​ខ្លាំង​នៅប្រទេស​ចិន ពិសេស​គឺ​ក្នុង​ស្រទាប់យុវវ័យ​។ ការ​រក​ឃើញ​របស់​យើង​សង្កត់​ធ្ងន់​ថា ការ​ប្រើ​ប្រាស់​តែទឹក​ដោះ​គោ​អាច​នាំ​ឱ្យ​ញៀន​ ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ថប់​អារម្មណ៍​ និង​ការ​ចង់​ធ្វើ​អត្តឃាត​» ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ដូច្នេះ​។

តាម​រយៈ​ការ​ប្រើ​ប្រាស់​រង្វាស់​សម្រាប់​វាស់​ស្ទង់​កម្រិត​ញៀន​ (ពិនិត្យ​ទៅ​លើ​កត្តា​នានា​មាន​ដូច​ជា​ការ​ចង់​ខ្លាំង និង​ចូលចិត្ត​ខ្លាំង​) ក្រុម​អ្នក​ស្រាវ​ជ្រាវ​ខាងលើ​បាន​រកឃើញ​ភស្តុតាង​​បង្ហាញ​ថា យុវវ័យ​មួយចំនួន​មាន​អាការ​ញៀន​។ ជិត​ 50% នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ផឹក​តែ​ទឹក​ដោះគោ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​។

ក្រៅ​ពី​ស្ករ​បន្ថែម ភេសជ្ជៈ​នេះ​ក៏មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​នាំ​ឱ្យ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ថប់​អារម្មណ៍ និង​ឯកា​ក្នុង​សង្គម​។ នេះ​គឺជា​បញ្ហា​លាក់​មុខ​ និង​មាន​ច្រើន​ ដែល​ត្រូវ​ការ​ពិនិត្យ​ស៊ី​ជម្រៅ​ ពិសេស​នៅ​ពេល​តែទឹក​ដោះ​គោ​គជ់កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​​។

ក្រុម​អ្នក​ស្រាវជ្រាវ​សរសេរ​ថា «លទ្ធផល​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​តែ​ទឹក​ដោះ​គោ​អាច​នាំ​ឱ្យ​មាន​អាការ​ញៀន ដោយ​សារវា​ធ្វើ​ឱ្យ​មាន​ភាព​ពឹង​ផ្អែក ការ​ចង់​ផឹក កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ខ្ពស់ មិន​អាច​បញ្ឈប់​បាន​ និង​អារម្មណ៍​មាន​កំហុស​»។

ការ​វិភាគ​ដទៃ​ជា​ច្រើន​ទៀត​បង្ហាញ​ថា យុវវ័យ​ចិន​ និង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​ប្រើប្រាស់​តែ​ទឹក​ដោះ​គោដើម្បី​ទប់​ទល់​ និង​កែសម្រួល​អារម្មណ៍​។ ភេសជ្ជៈ​ទាំង​នេះ​មាន​កម្រិត​គ្រោះ​ថ្នាក់​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ញឹក​ញាប់​ហួស ឬ​អាភៀន​។

ក្នុង​អនាគត ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​នឹង​បន្ត​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​ ដើម្បី​បើក​ផ្លូវ​ឱ្យមាន​ការ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​សារការ​ញៀន​នឹង​តែ​ទឹក​ដោះគោ​៕

Advertisement