ឆ្លើយតបចំណុចសង្ស័យ ហេតុអីបានយើងកើតរោគប្រតិកម្មចាញ់?

ស្អីបន្តិចក៏កណ្តាស់ ហៀរសំបោ ឡើងកន្ទួលកន្ទាលត្រអាកពេញខ្លួន ដៃជើង ក អាការទាំងនេះមានតែអ្នកដែលកើតរោគប្រតិកម្មចាញ់( Alergy ) ប៉ុណ្ណោះដែលដឹង។ តើមូលហេតុរបស់រោគប្រតិកម្មចាញ់នេះមកពីណា ព្យាបាលឱ្យជាដាច់បានឬទេ? និងត្រូវធ្វើយ៉ាងណាទើបមិនកើតរោគប្រតិកម្មចាញ់នេះ។ ចម្ងល់ទាំងអស់នេះ ឡារ៉ែនមានចម្លើយ។

រោគប្រតិកម្មចាញ់( Alergy ) គឺអ្វី?

រោគប្រតិកម្មចាញ់គឺ រោគខាងផ្លូវដង្ហើមដែលជួបច្រើនបំផុតក្នុងអ្នកជំងឺក្នុងប្រទេសយើង ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលខ្យល់អាកាសមិនបរិសុទ្ធ ដូចជា សងខាងផ្លូវថ្នល់ តំបន់ដែលមានរោងចក្រឧស្សាហកម្មច្រើន និងតំបន់ដែលមានអណ្តូង​​រ៉ែ។

មូលហេតុរបស់រោគប្រតិកម្មចាញ់

រោគប្រតិកម្មចាញ់គឺ សភាវដែលរាងកាយមានប្រតិកម្មជាមួយប្រូតេអ៊ីន ឬសារធាតុបង្កប្រតិកម្មចាញ់ពីសភាពបរិស្ថាន ដែលពីពេលមុននេះអាចនឹងធ្លាប់ជាគ្រោះថ្នាក់ ឬមិនធ្លាប់ជាគ្រោះថ្នាក់ជាមួយអ្នកកើតក៏មាន។

អាការរបស់រោគប្រតិកម្មចាញ់

នៅពេលរាងកាយកើតប្រតិកម្មជាមួយសារធាតុនោះ រាងកាយក៏នឹងបញ្ចេញសារធាតុតាមសាច់ភ្នាសផ្សេងៗ បង្កឱ្យកើតអាការរលាក ដូចជា នៅលើស្បែក កែវភ្នែក សួត ច្រមុះ ពោះវៀន បង្កឱ្យកើតអាការកន្ទួលរបាស់ រលាកក្រហាយភ្នែក ភ្នែកក្រហម ហៀរទឹកភ្នែក តឹងច្រមុះ ហៀរសំបោ ដកដង្ហើមមិនរួច ណែនដើមទ្រូង អ្នកខ្លះអាចមានអាការធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ជីវិតបាន។

ប្រតិកម្មចាញ់អាហារ អាចរាប់បានថាជារោគប្រតិកម្មចាញ់ដែរឬទេ?

ត្រឹមត្រូវ! ការប្រតិកម្មចាញ់អាហារក៏រាប់បានថាជារោគប្រតិកម្មចាញ់មួយដែរ ក្រៅពីនេះនៅមានរោគហឺតដង្ហក់ អាការប្រតិកម្មចាញ់ថ្នាំ ប្រតិកម្មចាញ់សត្វល្អិតប្រភេទខ្លះ ឬប្រតិកម្មចាញ់វត្ថុផ្សេងៗទាំងពីធម្មជាតិ និងវត្ថុកែច្នៃផ្សេងៗទៀតផង។

ហេតុអីបានមនុស្សកើតប្រតិកម្មចាញ់កាន់តែច្រើនឡើង?

– ខ្វះការហាត់ប្រាណ ពឹងលើខ្យល់អាកាសដកដង្ហើមពីម៉ាស៊ីនត្រជាក់ច្រើនជ្រុលពេក។

– ខ្វះភាពរឹងប៉ឹងតាំងពីកុមារភាព ព្រោះបៅទឹកដោះម្តាយមិនបានគ្រប់គ្រាន់ ធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺមានកម្រឹតទាប។

– ទទួលវត្ថុប្លែកចម្លែកពីអាហារកាន់តែច្រើនឡើង ដូចជា ពណ៌ និងក្លិនកែច្នៃ។

– ភួយ ខ្នើយ កម្រាលព្រំ មិនស្អាតគ្រប់គ្រាន់។

– ខ្យល់អាកាសក្នុងផ្ទះបក់ផាត់ចេញចូលមិនល្អ។

– ស្នាក់អាស្រ័យ ឬរស់នៅក្នុងទីកន្លែងដែលមានបរិស្ថានមិនល្អ ដូចជា តំបន់កសាង ឧស្សាហកម្ម និងរស់នៅជិតតំបន់ដែលមានការធ្វើចរាចរច្រើនកុះករ។

– ការជក់បារី។

– ពូជអម្បូរ

ភាគច្រើន សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នោះមានអ្វីខ្លះ?

– ធូលីដី សត្វកន្លាត រោមសត្វចិញ្ចឹម ដូចជា សុនខ ឆ្មា លម្អងផ្កា មេរោគផ្សឹត ជាដើម។

សារធាតុដែលបង្កឱ្យកើតប្រតិកម្មចាញ់នៅក្នុងអាហារ

– អាហារសមុទ្រ ពពួក បង្គាបង្កង គ្រំងាវ ក្តាម ទឹកដោះគោ ទឹកសណ្តែកលឿង ស៊ុត ម្សៅ ឬអាហារប្រភេទខ្លះទៀត។

ធ្វើម៉េចដឹងបានថា តើយើងកើតរោគប្រតិកម្មចាញ់ឬទេ?

1 – ឧស្សាហ៍សង្កេតមើលខ្លួនឯងថា មានអាការទាំងអស់នេះដែរឬទេ ដូចជា ហៀរសំបោ និងទឹកភ្នែកញឹកញាប់ តឹងច្រមុះដកដង្ហើមមិនស្រួល ក្អក កណ្តាស់ញឹកញាប់ មានកន្ទួលឡើងតាមស្បែក ឬបើប្រតិកម្មចាញ់អាហារ ហើយមានអាការដូចគ្នានោះក្រោយពីទទួលទានអាហារប្រភេទខ្លះចូលទៅហើយនោះ គួរប្រញាប់ប្រឹក្សាគ្រូពេទ្យជាបន្ទាន់។

2 – ចូលទៅធ្វើការពិនិត្យ និងសាកល្បងអាការប្រតិកម្មចាញ់ជាមួយគ្រូពេទ្យដោយត្រង់។

វិធីព្យាបាលរោគប្រតិកម្មចាញ់

1 – ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់ទាំងអស់ (ក្រោយពេលដឹងរួចហើយថា មានប្រតិកម្មចាញ់ជាមួយអ្វីខ្លះ)

2 – ញ៉ាំថ្នាំយ៉ាងជាប់លាប់តាមពាក្យណែនាំរបស់គ្រូពេទ្យ ដោយថ្នាំដែលបានមកអាចជាថ្នាំគ្រាប់បំបាត់អាការប្រតិកម្មចាញ់ថ្នាំបាញ់ចូលតាមច្រមុះ ឬមាត់ ឬអាចជាការលាងច្រមុះដោយទឹកអំបឹល ជាដើម បើនៅលើកុមារវិញត្រូវមើលថែទាំឱ្យញ៉ាំថ្នាំយ៉ាងដិតដល់។

3 – មើលថែទាំខ្លួនឯងឱ្យនៅរឹងប៉ឹងជាប់ជានិច្ច ទាំងគេងសម្រាកឱ្យបានគ្រប់គ្រាន់ ទាំងហាត់ប្រាណយ៉ាងជាប់លាប់ ទទួលទានអាហារឱ្យគ្រប់ប្រភេទក្រុម និងរស់នៅក្នុងសភាពបរិស្ថានដែលល្អ ឱ្យរាងកាយមានប្រព័ន្ធប្រឆាំងជំងឺរឹងមាំ ប្រឆាំងនឹងអ្វីដែលប្លែកចម្លែកនៅក្នុងរាងកាយបានល្អ។

4 – ចាក់វ៉ាក់សាំងការពាររោគប្រតិកម្មចាញ់ វិធីដែលងាយបំផុតនោះគឺ ចៀសវាងពីអ្វីដែលធ្វើឱ្យយើងកើតអាការចាញ់ និងថែរក្សារាងកាយឱ្យមានសុខភាពរឹងមាំជាប់ជានិច្ច តែប៉ុនហ្នឹងអាការរោគប្រតិកម្មចាញ់ក៏នឹងធូរស្រាលចុះ រហូតអាចនឹងជាដាច់ដូចធម្មតាឡើងវិញបាន៕

Advertisement