រុស្ស៊ី និយាយថា វ៉ាក់សាំង Sputnik V មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron)

«វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា (Gamaleya) ជឿថា វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) និង ស្ពុតនីក ឡៃត៍ (Sputnik Light) នឹង​អាច​កម្ចាត់​បាន​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ព្រោះថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ដទៃ។ ក្នុងករណី​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ យើង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​រាប់រយ​លាន​ដូ​ស មុន​ថ្ងៃទី ២០ កុម្ភៈ ២០២២» គីរីល ឌីមីទ្រីវ (Kirill Dmitriev) នាយក​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (RDIF) ជា​ស្ថាប័ន​វិនិយោគ និង​ឃោសនា​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ របស់ រុស្ស៊ី បាន​សរសេរ​ដូច្នេះ​នៅលើ Twitter កាលពី​ថ្ងៃទី 29 វិច្ឆិកា។

អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) ថ្លែងថា៖ «ប្រតិកម្ម​នៅលើ​ទីផ្សារ​នាបច្ចុប្បន្ន សុទ្ធ​តែមាន​លក្ខណៈ​ជា​អារម្មណ៍ មិន​យោងទៅលើ​ភ័ស្ដុតាង​វិទ្យាសាស្ត្រ»។

លោក ឌីមីទ្រី ប៉េសកូវ (ស្ដាំ) និងលោក គីរីល ឌីមីទ្រីវ

វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង ស្ពុតនីក វី កាលពី​ខែមិថុនា បានឱ្យដឹងថា វ៉ាក់សាំង​នេះ​មាន​​ប្រសិទ្ធ​ភាព​ ៩០% ចំពោះ​វ៉ា​រ្យ៉​ង់ ដេលតា (Delta)។ អាឡិចសាន់ឌឺ ហ្គីនស្បឺក (Alexander Ginsburg) ដែលជា​នាយក​នៃ​វិទ្យាស្ថាន​នេះ អះអាងថា វ៉ាក់សាំង ស្ពុតនីក វី មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់ កូ​វីដ-១។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង ចូលក្នុង​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ។ វ៉ា​រ្យ៉​ង់​ថ្មី​នេះ​បាន​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង ទ្វីបអឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​ពិភពលោក៕

Advertisement