ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ព្រឹក​នេះ​បានប្រកាស​ថា អ្នកជំងឺ​COVID-19 ​បាន​ជាសះស្បើយ2នាក់បន្ថែមទៀត ដូច្នេះ​ កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ តែ​3​នាក់​ទៀត​តែប៉ុណ្ណោះ។

អ្នក​ជំងឺ​2​នាក់​ដែល​បាន​ជា​សះស្បើយ​​នេះ គឺ​ជា​ប្តីប្រពន្ធជន​ជាតិ​បារាំង ស្នាក់​នៅក្នុង​សង្កាត់​ទួលទំពូង រាជធានី​ភ្នំពេញ​។ គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ដែលបាន​ជា​សះ​ស្បើយ​ពី​ជំងឺ​​ COVID-19 សរុបឡើង​ដល់119​នាក់ ដូច្នេះ​ បច្ចុប្បន្ន​កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ 3​នាក់​ទៀត​ ដែល​កំពុងទទួល​ការ​​ព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះស្ត្រី1នាក់ និងបុរស2នាក់។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោកវេជ្ជ​បណ្ឌិត​ ម៉ម ប៊ុនហេង។

រាប់​ចាប់​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ មក​ទល់​នឹង​ថ្ងៃទី​27​មេសា​នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 សរុប​ 122​នាក់ ប៉ុន្តែ បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ​។ កម្ពុជា​ក៏​មិន​បាន​រកឃើញ​អ្នក​ជំងឺ​ COVID-19 ថ្មី​បន្ថែម​ទៀត​នោះ​ទេ ក្នុង​អំឡុង​​កន្លះខែ​មក​នេះ​៕

Advertisement