មនុស្ស​ជាង​126,000នាក់ បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​​ អ្នក​ស្លាប់​បាន​កើន​ដល់​ជាង4,600​នាក់​ នៅ​ទូទាំង​ពិភពលោក​

មនុស្ស​ជាង​126,000នាក់ បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​​ អ្នក​ស្លាប់​បាន​កើន​ដល់​ជាង4,600​នាក់​ នៅ​ទូទាំង​ពិភពលោក​

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​122 នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​126,000នាក់​ ត្រូវ​ឆ្លង​ជម្ងឺ​រលាក​សួត​ប្រភេទ​ថ្មី​​ និងបាន​សម្លាប់​មនុស្ស​ជាង​4,600នាក់ ក្នុង​នោះ​ ​កំណើន​នៃ​ចំនួន​អ្នក​​ស្លាប់​ដោយ​សារ​មេរោគ​នេះនៅ​អ៊ីតាលី លឿន​ជាង​គេ​បង្អស់​។

ប្រទេស​អ៊ីតាលី បាន​បញ្ជាក់​ថា​ តួលេខ​ថ្មី​នៃ​ចំនួន​អ្នក​ស្លាប់បន្ថែម​គឺ 196ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 សរុបនៅ​ប្រទេស​នេះ​ ឡើង​ដល់ 827នាក់​។ ប្រទេស​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 2,313ករណី នាំ​ឱ្យ​ចំនួនសរុប​នៃ​​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ កើន​ដល់​12,462នាក់ ឈរ​លំដាប់​ទី​2 ក្នុង​ពិភពលោក​។

នៅ​ប្រទេស​អ៊ីរ៉ង់ ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ កាល​ពី​ថ្ងៃទី​11មីនា គឺ9,000នាក់ កើន​958​ករណី​។ ជាមួយ​នឹង​ករណី​ស្លាប់​ថ្មីចំនួន​63នាក់ អ៊ីរ៉ង់បច្ចុប្បន្ន​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ឡើង​ដល់​354នាក់​។

ប្រទេស​កូរ៉េខាង​ត្បូង កាល​ពី​ថ្ងៃទី​11មីនា មាន​អ្នក​ឆ្លង​មេរោគ​ចំនួន​242ករណីបន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​សរុប​នៃ​ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ កើន​ដល់​ 7,755នាក់​ ក្នុង​នោះ មាន​អ្នក​ស្លាប់​60នាក់​។ កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​មិន​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​អំពី​ស្ថិតិ​ថ្មី​បំផុត​នៅ​ឡើយ​។ ប្រទេសនេះ​ តែង​ប្រកាស​2លើក​ក្នុង​1ថ្ងៃ​ គឺ​ព្រឹក​​ និង​ល្ងាច។

តួលេខ​នៃ​​ករណី​ឆ្លង​ និង​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន គិត​មក​ថ្ងៃ​ទី​11មីនា តាម​លំដាប់​លំដោយ​គឺ 80,921នាក់​ និង​ 3,161នាក់​។

ប្រទេស​ជប៉ុន ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 52នាក់​ នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​រោគ​កូរ៉ូណា​ COVID-19 ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ​639នាក់។ ចំណែក​ករណី​ស្លាប់​វិញ មាន​ចំនួន​15នាក់​។

ប្រទេស​អេស្ប៉ាញ និង​អាល្លឺម៉ង់ មាន​ករណី​​ឆ្លង​រោគ​ថ្មី​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​ ចំនួន​ករណី​ឆ្លង​ថ្មីនៅ​អេស្ប៉ាញ​គឺ​493នាក់ និង​អាល្លឺម៉ង់​គឺ​ 288នាក់​។ ចំនួន​ករណី​ឆ្លង​សរុប​នៅ​អេស្ប៉ាញ គឺ​ 2,188នាក់ ចំណែក​អាល្លឺម៉ង់ គឺ 1,853នាក់។ រីឯ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អេស្ប៉ាញគឺ​ 49នាក់ និង​អាល្លឺម៉ង់ គឺ​មាន​ចំនួន​3នាក់​។

អង់គ្លេស មាន​ករណី​ឆ្លង​ថ្មី​ចំនួន 73នាក់ ធ្វើឱ្យ​ចំនួនសរុប​នៃ​ករណី​ឆ្លង​ COVID-19 នៅ​ប្រទេស​នេះ កើន​ដល់ 456​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 6នាក់​។

ចំណែក​ប្រទេស​ស្វីស ហូឡង់ និង​ស៊ុយ​អែត សុទ្ធ​តែ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ករណី​ថ្មី ​លើស​ពី​ 120នាក់ដូច​គ្នា​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណាសរុប​ នៅ​ក្នុង​ប្រទេស​ទាំង​3នេះ គឺ ស្វីស 652នាក់ ហូឡង់ 503នាក់ និងប្រទេស​ស៊ុយ​អែត​មាន 477នាក់​ ហើយ​ប្រទេស​ទាំង​នេះ ក៏សុទ្ធ​តែ​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​1ករណី​ដូច​គ្នា​។ ឯចំនួន​ករណី​ស្លាប់​សរុប​នៃ​ប្រទេស​ទាំង​នេះ គឺ ស្វីស 4នាក់ ហូឡង់ 5នាក់ និង​ស៊ុយ​អែត​ 1នាក់​។

សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​ចំនួន​309នាក់ នាំ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ក្នុង​ប្រទេស​នេះ កើន​ដល់ 1,303នាក់​។ ករណី​ស្លាប់​ បាន​ឡើង​ដល់​38នាក់​ កើន​7ករណី បើ​ធៀប​នឹង​1ថ្ងៃ​មុន​។

ករណី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​គេ​នៅ​មជ្ឈិម​បូពា៌ នោះ​គឺ​ប្រទេស​កាតារ។ កាល​ពី​ថ្ងៃទី​11មីនា ប្រទេសនេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 238​ករណី​បន្ថែម​ទៀតក្នុង​ពេល​ត្រឹម​តែ​1ថ្ងៃ​ ខណៈ​មុន​នោះ​1ថ្ងៃ កាតារ​ មាន​អ្នក​ជំងឺ​ត្រឹម​តែ​24នាក់​ប៉ុណ្ណោះ។

បែលហ្ស៊ិក ហូឡង់ ប៊ុលហ្គារី និង​អៀរឡង់ គឺជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដំបូង​​ដោយ​សារ​ COVID-19 កាល​ពី​ម្សិល​មិញ (11មីនា) និង​នៅ​ព្រឹក​នេះ។

ប្រទេស​ហុងឌូរ៉ាស (នៅអាមេរិកកណ្ដាល) និងកូតឌីវ័រ (នៅ​អាហ្វ្រិក​ខាង​លិច) រួម​នឹង​កោះ Reunion របស់​បារាំង គឺ​ជា​ទឹក​ដី​ចុង​ក្រោយ​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement