ជំនួយ​ការ​យ៉ាង​តិច​5​នាក់​របស់​អនុប្រធានាធិបតី​អាមេរិក​ បាន​ឆ្លង​Covid-19

ជំនួយការយ៉ាងតិច5នាក់របស់អនុប្រធានាធិបតីអាមេរិក បានឆ្លងCovid-19

យ៉ាងហោចណាស់មានជំនួយការចំនួន5នាក់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងវីរុសCovid-19 ក្នុងនោះក៏មានប្រធានការិយាល័យ Marc Short និងជំនួយការ Zach Bauer ផងដែរ។

ប្រភពព័ត៌មានមួយដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលមានការព្រួយបារម្ភថា នឹងមានមនុស្សកាន់តែច្រើនដែលស្និទ្ធនឹងអនុប្រធានាធិបតី សហរដ្ឋអាមេរិក Mike Pence វិជ្ជមាននឹងវីរុសCovid-19 នាពេលខាងមុខ។

អនុប្រធានាធិបតី Mike Pence និងភរិយា Karen Pence ទទួលបានលទ្ធផលវិជ្ជមាននឹងCovid-19 កាលពីថ្ងៃទី25តុលា នេះបើតាមមន្ត្រីម្នាក់នៅសេតវិមាន។ បើទោះជាបានទាក់ទងផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមាននឹងCovid-19 ជាច្រើននាក់ក៏ដោយ លោក Pence នៅតែបដិសេធការធ្វើចត្តាឡីស័ក ដោយមិនអើពើដល់ការណែនាំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លងសហរដ្ឋអាមេរិក (CDC)។

ការិយាល័យអនុប្រធានាធិបតី Pence កាលពីយប់ថ្ងៃទី24តុលា បានប្រកាសថា ប្រធានការិយាល័យ Short បានឆ្លងវីរុស។ ក្រោយមកបន្តិច ប្រភពព័ត៌មានមួយបាននិយាយប្រាប់ CNN ថា Marty Obst ដែលជាទីប្រឹក្សាខាងក្រៅសេតវិមានរបស់លោក Pence រួមនឹងបុគ្គលិកក្នុងការិយាល័យនេះយ៉ាងតិចចំនួន3នាក់ទៀតបានឆ្លងវីរុស។

ជំនួយការ Bauer របស់អនុប្រធានាធិបតី ដែលតែងតែអមដំណើរលោក Pence ទាំងយប់ទាំងថ្ងៃ ទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃទី24តុលា។

អនុប្រធានាធិបតី Mike Pence ដែលជាមេដឹកនាំកម្លាំងទល់ទល់នឹងCovid-19 របស់សេតវិមាន មានគម្រោងបន្តធ្វើដំណើរទៅកាន់រដ្ឋមួយចំនួន ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោតនៅប៉ុន្មានថ្ងៃចុងក្រោយនៃរដូវឃោសនាបោះឆ្នោតអាណត្តិនេះ ប៉ុន្តែ Mark Meadows ប្រធានការិយាល័យសេតវិមានបានឱ្យដឹងថា លោក Pence នឹងពាក់ម៉ាស់ ក៏ដូចជារក្សាគម្លាតសង្គមចាប់ពីពេលនេះតទៅ។

Covid-19 បានចាប់ផ្ដើមវាយលុកចូលសេតវិមានកាលពីខែកញ្ញា បណ្ដាលឱ្យប្រធានាធិបតី Donald Trump និងភរិយា រួមនឹងកូនប្រុសពៅរបស់គ្រួសារ Trump ត្រូវឆ្លងវីរុស។ ជំនួយការកំពូលៗជាច្រើនរូបរបស់លោក Trump មានដូចជា ប្រធានយុទ្ធនាការរកសំឡេងឆ្នោត លេខាផ្នែកសារព័ត៌មាន និងប្រធានាគណៈកម្មធិការជាតិបក្សសាធារណរដ្ឋ ក៏បានឆ្លងវីរុសCovid-19នេះដែរ៕

ប្រភព៖ CNN

Advertisement