ខ្លា​និង​តោ​ជា​ច្រើន​ក្បាល​ ដែល​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​សួន​សត្វ​​នៅ​សហរដ្ឋ​អាមេរិក​ មាន​អាការ​ធូរស្បើយជាង​មុន​

ខ្លា​និង​តោ​ជា​ច្រើន​ក្បាល​ ដែល​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​សួន​សត្វ​​នៅ​សហរដ្ឋ​អាមេរិក​ មាន​អាការ​ធូរស្បើយជាង​មុន​

មន្ទីរ​ពិសោធន៍​របស់​នាយក​ដ្ឋាន​ពេទ្យ​សត្វ​ជាតិ​នៅ​តំបន់​ Iowa បាន​បញ្ជាក់​ថា មាន​សត្វ​ខ្លា​ម៉ាឡេ​ (Malayan tiger)​ ញី​មួយ​ក្បាល​មាន​អាយុ​4ឆ្នាំ នៅ​ឯ​សួន​សត្វ​ Bronx ក្នុង​រដ្ឋ​ New York ដែល​បាន​ឆ្លង​វីរុស​COVID-19 ពេល​នេះ​​​ពួក​វា​បាន​ធូរស្រាល​ខ្លះ​ហើយ​។

ថ្មី​ៗ​នេះ សត្វ​ខ្លា​ញី Nadia និង​​ខ្លាញី​ឈ្មោះ Azul មួយ​ក្បាល​​​ដែល​ជា​បង​បង្កើត​របស់​វា រួម​នឹង​​ខ្លា​ Amur 2ក្បាល​ និង​តោ​អាហ្វ្រិក​3​ក្បាល​ទៀត សុទ្ធ​តែ​មាន​រោគ​សញ្ញ​ក្អក​ស្ងួត​។ ខ្លា និង​តោ​ទាំង​នេះ ស៊ី​ចំណី​​តិច​ជាង​មុន ប៉ុន្តែ​ពួក​វា​នៅ​តែ​មាន​សុខ​ភាព​ល្អ​ ដោយ​មាន​ការ​ថែទាំ​របស់​ក្រុម​គ្រូពេទ្យ​សត្វ​។ ក្រុម​គ្រូពេទ្យ​សត្វ​ មិន​ទាន់​ដឹង​ច្បាស់​ថា COVID-19 នឹង​មាន​ការ​វិវឌ្ឍន៍​យ៉ាង​ណា​នៅ​លើ​សត្វ​ខ្លា​ និង​តោ​នោះ​ទេ ព្រោះ​ថា​សត្វ​ប្រភេទ​ខុស​គ្នា នឹង​មាន​ប្រតិ​កម្ម​ខុស​គ្នា​ជា​មួយ​នឹង​មេរោគ​។​

ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ថ្នាំ​ផ្សះ (​អង់​ទី​ប្យូ​ទិ​ក​) ដើម្បី​ព្យាបាល​សត្វ​ទាំង​នេះ។ អ្នក​មន្ត្រី​នៅ​សួន​សត្វ​ខាង​លើបាន​ឱ្យ​ដឹង​ថា ពួក​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ហើយ ប៉ុន្តែ ពួកគេ​នៅ​តែ​​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

សួន​សត្វ​ចំនួន​4​ដែល​គ្រប់​គ្រង​ដោយ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​ឯទីក្រុង​ New York រួម​ទាំង​សួន​ Bronx ផងដែរ​ សុទ្ធតែ​បាន​បិទ​ទ្វារ​ចាប់ពី​ថ្ងៃទី​16​មីនា​។ ក្រុម​អ្នក​ជំនាញ​ការ​បាន​ព្រមាន​ថា វីរុស​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បណ្ដា​ថនិក​សត្វ​ និង​ត្រូវ​តែ​អនុវត្ត​វិធាន​ការ​នានា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ស្វាក្រហម​(Orangutan) រួម​នឹង​​ស្វា​ឪ​(chimpanzees) និង​ស្វាហ្គោរីឡា(Gorilla)៕

ប្រភព៖ BBC

Advertisement