កម្ពុជារកឃើញអ្នកឆ្លង​COVID-19 មួយករណីថ្មីទៀត ខណៈ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ជា​បន្ត​បន្ទាប់​

ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជា​បាន​រកឃើញអ្នកផ្ទុក​វីរុស​COVID-19 មួយករណីថ្មីទៀត​ ដែល​កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង នៅ​ក្រុង​ភ្នំ​ពេញ​។

សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា បុរសដែល​មាន​ផ្ទុក​វីរុស​COVID-19នេះ​ បានធ្វើដំណើរពី​ប្រទេស​បារាំង​ចូល​មក​កម្ពុជា​តាមជើងហោះហើរពីកូរ៉េខាងត្បូង។ អ្នកជំងឺ​រូប​​នេះ បានមកដល់ភ្នំពេញនៅថ្ងៃទី24​​ឧសភា​2020 និង​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​វីរុស​COVID-19 កាល​ពី​ម្សិល​មិញ​ (6 ខែមិថុនា)។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​126​នាក់​ ក្នុង​នោះ​មាន​​123​នាក់​បាន​ជា​សះស្បើយ​ ខណៈ​ 3​នាក់​កំពុង​ទទួល​ការ​ព្យា​បាល​។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដដែល​ ប្រទេស​សិង្ហបុរី​ គឺ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នក​ជំងឺ​សរុប​37,527​នាក់​ ពោល​គឺ​កើន​344​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 សរុប​25​នាក់​។

ឥណ្ឌូនេស៊ី​ឈរ​លំដាប់​ទី​2​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​30,514​នាក់​ និង​អ្នក​ស្លាប់​សរុប​1,801​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​993​នាក់​និង​អ្នក​ស្លាប់​ថ្មី​31​នាក់​​ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។

ហ្វីលីពីន​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​21,340​នាក់​ អ្នក​ស្លាប់​សរុប​​994​នាក់​។

​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មាន​​​ប្រទេស​ចំនួន​4​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​ ​ក្នុង​នោះ​រួម​មាន​​ កម្ពុជា​ វៀត​ណាម​ ឡាវ​ និង​ទីម័រ​ខាង​កើត​៕

Advertisement