ពិភពលោក មកដល់ថ្ងៃនេះ៖ ខា​មេ​នេ​អ៊ី​ “មិនទទួលយកទឹកចិត្តសប្បុរស” របស់​អាមេរិក​ជួយ​​ស្ដារ​​វិបត្តិ,​ បុគ្គលិក​​ស្ថាប័ន​​ព័ត៌មាន​ NBC​ ឆ្លង​មេរោគ​ស្លាប់, “អាមេរិក” ឆ្លង​មេរោគ​​លំដាប់​​លេខ​​3​ ​ក្នុង​​ពិភព​​លោក, ​“អ៊ីតាលី”​ 1ថ្ងៃ ​ស្លាប់​ជិត ​800​នាក់…

មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃទី22 មីនា ម្សិលមិញ បានប្រកាសមិនទទួលយកជំនួយគ្រប់រូបបែបពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិមេរោគវីរុសកូរ៉ូណារាតត្បាត។ រកឃើញលោក លែរី អ៊ែដច៍វើធ(Larry Edgworth) បុគ្គលិកស្ថាប័នព័ត៌មានសហរដ្ឋអាមេរិក NBD News ស្លាប់កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) បន្ទាប់ពីមិត្តរួមការងារម្នាក់ ដឹងលទ្ធផលឆ្លងមេរោគ 1ថ្ងៃមុន។ ទីក្រុងនីវយ៉ក រកឃើញអ្នកឆ្លងមេរោគថ្មី ចំនួន 8,115នាក់ ចំនួនស្លាប់ហក់ឡើងដល់ជាង 300នាក់ ជាប់លំដាប់​លេខ3 ទូទាំងពិភពលោក ចំណែកអ៊ីតាលី ក្នុង 1ថ្ងៃ(ម្សិលមិញ)មានអ្នកស្លាប់ចំនួន 793នាក់។

CNN របស់សហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃនេះ(ទី23មីនា)ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃអាទិត្យ(ទី22មីនា) បានចេញមកបដិសេធការជួយសង្គ្រោះពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិការឆ្លងរាតត្បាតរបស់វីរុសកូវីដ-19 ដោយបានចង្អុលបង្ហាញថា “វាជារឿងចម្លែកខ្លាំងណាស់” ដោយមេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន អាចប្រើការជួយសង្គ្រោះខាងវេជ្ជសាស្ត្ររបស់ខ្លួននេះ ដើម្បីវាយប្រហារអ៊ីរ៉ង់។

“ជួនកាល ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រដែលបានរៀបចំឱ្យនេះ អាចជាឧបករណ៍មួយដើម្បីធ្វើឱ្យការឆ្លងរាតត្បាតនេះ កាន់តែអាក្រក់ទៅ ដូច្នេះទើបយើងគ្មានថ្ងៃនឹងជឿអ្នកឯងឡើយ”

CNN បានចង្អុលបង្ហាញថា គឺជាការថ្លែងដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងថ្ងៃចូលឆ្នាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ ដោយលោក ខាមេនេអ៊ីថែមទាំងបានចំអកទៀតថា “វាជារឿងចម្លែកខ្លាំងណាស់” ដែលសហរដ្ឋអាមេរិកស្នើផ្ដល់ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រ ទាំងក្នុងពេលនេះ កើតមានបញ្ហាខ្វះខាតផ្នែកនេះនៅក្នុងប្រទេសរបស់ខ្លួន ដោយមេដឹកនាំកំពូលអ៊ីរ៉ង បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានបញ្ហាខ្វះខាតផ្នែកឧបករណ៍វេជ្ជសាស្ត្រ។

យោងតាមតួលេខពីមហាវិទ្យាល័យ ចន ហប់ឃីនស៍ កាលពីថ្ងៃម្សិលមិញ(ទី22មីនា)បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកឆ្លងមេរោគ 20,610នាក់ ស្លាប់ 1,556នាក់ និងជាសះស្បើយចំនួន 7,635នាក់ ខណៈដែលសហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគជាប់លំដាប់លេខ3 ក្នុងពិភពលោកក្នុងពេលនេះ ចំនួន 26,747​នាក់ ស្លាប់ 340នាក់ និងជាសះស្បើយ 176នាក់។

សម្រាប់ នីវយ៉ក ស៊ីធី ចុងក្រោយបំផុត មានការប្រកាសរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន 8,115នាក់ និងស្លាប់​ 60នាក់ ពីចំនួនទាំងអស់ 1,450នាក់ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះរកឃើញអ្នកធ្ងន់ធ្ងរចំនួន 370នាក់។

ចំណែកប្រទេសអេស្ប៉ាញ មានចំំនួនអ្នកឆ្លងមេរោគ 25,496នាក់ ស្លាប់ 1,381នាក់ និងនៅអ៊ីតាលី មានអ្នកឆ្លង 53,578នាក់ ស្លាប់ 4,825នាក់។ កាលពីថ្ងៃសៅរ៍ អ៊ីតាលីមានអ្នកស្លាប់ចំនួន 793នាក់ ដែលធ្វើឱ្យនៅទូទាំងប្រទេសអ៊ីតាលី មានចំនួនអ្នកស្លាប់ខ្ពស់ជាងចិន ដោយទាំងអស់នេះយោងតាមគណៈកម្មការសុខភាពនៃប្រទេសចិនដែលបានរកឃើញថា មានចំនួនអ្នកស្លាប់ 3,261នាក់ និងអ្នកឆ្លងមេរោគសរុប 81,054​នាក់ និងមានអ្នកជាសះស្បើយចំនួន 72,244នាក់។

ផូលីទីកូ សារព័ត៌មានសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី20មីនា)ថា បុគ្គលិករបស់ស្ថានីយព័ត៌មាន NBC News លែរី អ៊ែដច៍វើធ បានស្លាប់ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) ដោយប្រធានគប់គ្រងរបស់ក្រុមហ៊ុន លោក អ៊ែនឌី លេកខ៍ បានប្រកាសឱ្យបានដឹងតាមរយៈកំណត់ត្រានៅក្នុងថ្ងៃសុក្រ។

បុគ្គលិក NBC News បានដឹងលទ្ធផលនៃការឆ្លងមេរោគរបស់ លែរី អ៊ែដច៍វើធ នៅថ្ងៃពុធ(ទី18មីនា) និងបានដឹងថា លែរី បានធ្វើការនៅក្នុងស្ថាប័នព័ត៌មានមួយនេះយូរណាស់មកហើយ ភាគច្រើននៅក្នុងបន្ទប់​ឱបករណ៍ និងពេលមុននេះ ក្នុងឋានៈជាអ្នកបច្ចេកទេសសំឡេងរយៈពេល 25ឆ្នាំមកហើយជាមួយ NBC News៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement