WHO ប្រកាស​​អំពី​រលក​នៃ​ «ការផ្ទុះ​ឆ្លង​វីរុស​ថ្មី​ស្រដៀង​អេ​បូ​ឡា (Ebola)»

វីរុស​ម៉ាប៊ឺក (ពណ៌​ផ្ទៃមេឃ) នៅ​ពេល​ត្រូវ​បាន​ពិនិត្យ​ដោយ​កែវ​ពង្រីក​

អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​ព្រមាន​អំពី​ការផ្ទុះ​ឆ្លង​រាលដាល​នៃ វីរុស​ម៉ា​ប៊ឺ​ក (Marburg) ក្រោយពី ហ្កា​ណា (Ghana) រកឃើញ​ករណី​ស្លាប់ដំបូងៗដោយសារ​វីរុស​នេះ។

នេះ​គឺជា​លើកដំបូង​ដែល​វីរុស​មួយ​ប្រភេទ​ដូច​ទៅនឹង វីរុស​អេ​បូ​ឡា (EBOV/Ebola) ត្រូវបាន​រកឃើញ​ក្នុងប្រទេស​នៅ អាហ្វ្រិក​ខាងលិច និង​ជា​លើក​ទី​ពីរ​ដែល​វា​បង្ហាញខ្លួន​ក្នុង​តំបន់​នេះ។

ក្នុង​ឯកសារ​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១៧ កក្កដា WHO បានឱ្យដឹងថា ការវិភាគ​សំណាក​ដែល​បាន​ពី​អ្នកជំងឺ ២ រូប​ដែល​ស្លាប់​នៅ​តំបន់ Ashanti ភាគខាងត្បូង​ប្រទេស​ហ្កា​ណា បង្ហាញថា វិជ្ជមាន​នឹង​វីរុស ម៉ា​ប៊ឺ​ក។ អ្នកជំងឺ​ទាំង ២ នាក់​នេះ​សុទ្ធ​តែមាន​រោគសញ្ញា​ដូចជា រាក ក្ដៅខ្លួន ក្អួតចង្អោរ ហើយក៏​ស្លាប់ មួយថ្ងៃ​បន្ទាប់ពី​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ចុងខែ​មិថុនា។ ក្នុងចំណោម​អ្នកជំងឺ​ខាងលើ ម្នាក់​មាន​អាយុ ៥១ ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ ២៦ ឆ្នាំ។

បច្ចុប្បន្ន មនុស្ស​យ៉ាងហោច ៩០ នាក់​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ខាងលើ ត្រូវ​បានកំណត់​អត្តសញ្ញាណ​រួចហើយ និង​កំពុងស្ថិត​ក្នុងការ​តាមដាន​របស់​ក្រុមមន្ត្រី​សុខាភិបាល​ក្នុងស្រុក និង WHO។ WHO ក៏​កំពុង​ជួយ​ដល់ ហ្កា​ណា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​នេះ។

វីរុស​ម៉ា​ប៊ឺ​ក ត្រូវបាន WHO បរិយាយ​ថា​ជា​ជំងឺគ្រុនឈាម​មួយ​ប្រភេទ​កើតឡើង​ដោយសារ​វីរុស​ដែលមាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់​ដូច​ទៅនឹង​វីរុស EBOV ដែល​បង្ក​ជំងឺ​អេ​បូ​ឡា។ វីរុស​ម៉ា​ប៊ឺ​ក អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស តាមរយៈ​ការប៉ះពាល់​ធាតុ​រាវ​របស់​រាងកាយ​សត្វ និង​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស។

អ្នក​ឆ្លង​ជំងឺ​នេះ​នឹង​ធ្លាក់ខ្លួន​ឈឺភ្លាមៗ ដោយមាន​អាការរោគ ក្ដី​ខ្លួន​ខ្លាំង ឈឺក្បាល​ខ្លាំង និង​ពិបាក​ក្នុង​ខ្លួន។ អ្នកជំងឺ​អាចមាន​រោគសញ្ញា​ចេញឈាម​ក្នុង​រង្វង់ ៧ ថ្ងៃ​បន្ទាប់ពី​បាន​ឆ្លង​វីរុស​ម៉ា​ប៊ឺ​ក។

ស្ថាប័ន​សុខាភិបាល​របស់ ហ្កា​ណា បាន​ណែនាំ​ថា «ប្រជាជន​គួរតែ​ចៀសវាង​ល្អាង​ដែលមាន​សត្វ​ប្រចៀវ​រស់នៅ ហើយ​ត្រូវ​ច​ម្អិ​ត​សាច់​ឱ្យបាន​ឆ្អិត​ល្អ​មុនពេល​បរិភោគ»។

អត្រា​នៃ​ការស្លាប់​ដោយសារ​ឆ្លង​វីរុស​ម៉ា​ប៊ឺ​ក គឺ​ចាប់ពី ២៤% ដល់ ៨៨% អាស្រ័យទៅលើ​ប្រភេទ​វីរុស នៅក្នុង​ការផ្ទុះ​ឆ្លង​រាលដាល​មុន​នោះ ប៉ុន្តែ បច្ចុប្បន្ន​ពុំទាន់​មាន​វ៉ាក់សាំង ឬ​វិធី​ព្យាបាល​ផ្លូវការ​ណាមួយ​សម្រាប់​ជំងឺ​នេះ​នៅឡើយ។

យោងតាម WHO ការផ្ទុះ​ឆ្លង​រាលដាល​ដំបូង​នៃ​វីរុស​ម៉ា​ប៊ឺ​ក ត្រូវបាន​រកឃើញ​នៅក្នុង ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ ១៩៦៧។ ចាប់ពីពេលនោះ​មក ក៏មាន​ការផ្ទុះ​ឆ្លង​រាលដាល​រប៉េះរប៉ោះ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ អង់​ហ្គោ​ឡា, សាធារណរដ្ឋ​កុង​ហ្គោ, កេ​ន​យ៉ា, អាហ្វ្រិក​ខាងត្បូង និង អ៊ូ​ហ្ក​ង់​ដា។ ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​ដោយសារ​វីរុស​ម៉ា​ប៊ឺ​ក គឺ ប្រទេស​អង់​ហ្គោ​ឡា ដោយមាន​អ្នកស្លាប់​ចំនួន​ជាង ២០០ នាក់ កាលពី​ឆ្នាំ ២០០៥៕

Advertisement