ចំនួន​អ្នក​ឆ្លង​ COVID-19 នៅ​ម៉ាឡេស៊ី កើន​លើស​​1,000​នាក់​ហើយ!

ចំនួន​អ្នក​ឆ្លង​ COVID-19 នៅ​ម៉ាឡេស៊ី កើន​លើស​​1,000​នាក់​ហើយ!

ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី 130​ករណី​បន្ថែម​ទៀត​ នាំឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​ COVID-19 ក្នុង​ប្រទេស​នេះ កើន​ដល់​ 1,030​នាក់​ គឺ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​3ករណី​។

ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​130នាក់ មាន​48នាក់​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​ដែល​មាន​សាសនិក​អ៊ីស្លាម​ប្រមាណជា​16,000​នាក់់​បាន​ចូល​រួម​ នៅ​ឯវិហារ Sri Petaling ជាយ​ក្រុង Kuala Lumpur កាល​ពី​ខែ​កុម្ភៈ។ ចំនួន​ករណី​ឆ្លង​ COVID-19 នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជាប់​ទាក់​ទិន​នឹង​ពិធី​សាសនា​គឺ​មាន​ 670​ករណី ដោយ​ឡែក​នៅ​ម៉ាឡេស៊ីគឺ​624​ករណី​។

អាជ្ញាធរ​ម៉ាឡេស៊ីបាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ទី​3​ដែល​បាន​ស្លាប់​ដោយ​សារ COVID-19 នៅ​ប្រទេស​នេះ គឺជា​បុរស​វ័យ​58​ឆ្នាំ​ម្នាក់ ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​ខាង​លើ​នេះដែរ​។ មនុស្ស​ប្រហែល​ 4,000​នាក់ ក្នុង​ចំណោម​សាសនិក​ 14,500​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​ខាង​លើ ក៏ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

គិត​ត្រឹម​យប់​នេះ(20មីនា) នៅ​ទូទាំង​ពិភពលោក មាន​​​ប្រទេស​ និង​ដែន​ដី​ចំនួន​182ហើយដែលបាន​រកឃើញ​ករណី​ឆ្លង​ COVID-19។ នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​​ចំនួន​​ 256.802​នាក់​បាន​ឆ្លងវីរុស​ COVID-19 ក្នុង​នោះ​មាន 10.540​នាក់បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement