ពេទ្យជនជាតិជប៉ុននៅ វូហាន បង្ហើបឱ្យដឹងពីស្ថានការណ៍បច្ចុប្បន្ន “ធ្ងន់ធ្ងរខ្លាំងជាងយើងគិតទៅទៀត”

ពេទ្យជនជាតិជប៉ុនដែលស្ថិតនៅក្នុងទីក្រុងវូហាន ប្រទេសចិន បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេ រោគ វីរុសកូរ៉ូណា មានច្រើនជាងក្នុងរបាយការណ៍ទៅទៀត ដោយសារតែភាពយឺតយ៉ាវក្នុងការបង្ហាញព័ត៌មានរបស់​រដ្ឋបាលចិន។

ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយគ្រូពេទ្យហ្វឹកហាត់ជនជាតិជប៉ុនម្នាក់ដែលកំពុងស្ថិតនៅក្នុងទីក្រុងវូហាន និងសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា៖ “មនុស្សម្នានៅទីនោះមិនសូវជាភ្ញាក់ផ្អើលប៉ុន្មានទេក្នុងរយៈដំបូងៗ ខ្ញុំគិតថាគ្មាននរណានឹកស្មានដល់ថា វានឹងឆ្លងរាលដាលឆាប់រហ័សបែបនេះ”

​        ពេទ្យហ្វឹកហាត់ជនជាតិជប៉ុនរូបនោះបានប៉ាន់ស្មានថា ចំនួនអ្នកឆ្លងមេរោគ អាចនឹងខ្ពស់ជាងនៅក្នុងរបាយការណ៍ច្រើនណាស់ ដោយលោកបានបញ្ជាក់ថា អំឡុងប្រហែលជាថ្ងៃទី 3មករា រូបលោកបានទទួលដំណឹងថា បុគ្គលិកមន្ទីរពេទ្យអាចនឹងឆ្លងមេរោគនេះ តែសារព័ត៌មានចិនប្រើពេលវេលាច្រើនជាង 2សប្ដាហ៍ ទើបរាយការណ៍ថា បុគ្គលិកពេទ្យទាំងនោះបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

អភិបាលក្រុង វូហាន៖ ត្រូវរង់ចាំការអនុម័តសិន ទើបអាចផ្សាយព័ត៌មានបាន

រដ្ឋបាលក្រុងវូហាន ត្រូវរងការរិះគន់យ៉ាងខ្លាំង រឿងការលាក់បាំងព័ត៌មាន រហូតធ្វើឱ្យការឆ្លងរីករាល​ដាល​សាយ​ភាយ​ធ្ងន់ធ្ងរ រហូតពិបាកក្នុងការទប់ស្កាត់ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំចិន ដែលជនជាតិចិនរាប់លាននាក់ធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស។

        លោក ចូ សៀនវ៉ាង អភិបាលក្រុងវូហាន បានទទួលស្គាល់ថា ការបញ្ចេញព័ត៌មានមានការយឺតយ៉ាវមែន ព្រោះត្រូវទទួលបានការអនុញ្ញាតពីថ្នាក់លើ គឺមណ្ឌលហ៊ូពើយ និងគណៈកម្មការសុខាភិបាលជាតិចិន ជាមុនសិន ទើបអាចបញ្ចេញព័ត៌មានបាន។

លោកអភិបាលក្រុងវូហាន ក៏បានទទួលស្គាល់ដែរថា មុនមានវិធានការបិទទីក្រុងវូហាននេះ មានអ្នកធ្វើដំណើរចេញ​ពីទីក្រុងនេះច្រើនជាង 5លាននាក់។ លោកបានឱ្យដឹងទៀតថា លោកដឹងច្បាស់ពីការមិនពេញចិត្តរបស់ប្រជា​ជន តែវិធានការផ្សេងៗ ចាំបាច់ត្រូវតែប្រើ ដើម្បីទប់ស្កាត់ និងគ្រប់គ្រង។

អ្នកជំនាញការបង្ហាញថា មិនមានអាការរោគ ក៏ចម្លងមេរោគបានដែរ

អ្នកជំនាញការជនជាតិជប៉ុនបាននិយាយថា ការគ្រប់គ្រងការចម្លងរោគ និងការការពារ ពិបាកនឹងធ្វើបានណាស់សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ការចម្លងមេរោគអាចកើតឡើងបាន ខណៈដែលអ្នកផ្ទុកមេរោគមិនទាន់បង្ហាញរោគសញ្ញា។

លោកសាស្ត្រាចារ្យ មីតស៊ីអូ ខាកូ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ថូហូកូ បានរៀបរាប់ថា ចំនួនអ្នកជំងឺនៅក្នុងប្រទេសចិនបានកើនច្រើនឡើងជាបន្តបន្ទាប់ ទោះជាមានការគ្រប់គ្រងការធ្វើដំណើរក្នុងទីក្រុងវូហាន និងកន្លែងផ្សេងៗក្នុងប្រទេសចិនក៏ដោយ។ លោកបានបន្តទៀតថា រដ្ឋបាលចិនមានអារម្មណ៍ដឹងអំពីភាពប្រញាប់ប្រញាល់ខ្លាំងឡើង ដោយសារតែមនុស្សដែលជាភ្នាក់ងារចម្លងមេរោគនេះ អាចនឹងសាយភាយវីរុសនេះបាន ទោះជាក្នុងអំឡុងពេលដែលមិនមានបង្ហាញអាការរោគក៏ដោយ។

        វីរុសកូរ៉ូណាប្រភេទថ្មីនេះ ខុសប្លែកពីប្រភេទដែលបង្កឱ្យកើតការសាយភាយរាតត្បាតរបស់ជំងឺខាងប្រព័ន្ធដកដង្ហើមទាន់ហន់ និងធ្ងន់ធ្ងរ ឬសារស៍ និងរោគខាងផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬជំងឺមើស ព្រោះថា អ្នកដែលឆ្លងមេរោគវីរុសជំងឺសារស៍ និងមើស នឹងមិនសាយភាយ ឬចម្លងទៅបុគ្គលដទៃឡើយ ខណៈដែលខ្លួនឯងនៅមិនទាន់មានអាការរោគ ដូចជាក្អក ឬហៀរសំបោរ ជាដើមនោះ។

លោកសាស្ត្រចារ្យ ខាកូ បានដាស់តឿនថា អ្នកដែលមានជំងឺរ៉ាំរ៉ៃ អាចនឹងមានអាការធ្ងន់ធ្ងរ បើបានទទួលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ លោកព្រមទាំងបានដាស់តឿនទៀតថា ចូរព្យាយាមចៀសវាងកុំឱ្យបានទទួលវីរុសនេះឱ្យសោះ ទោះជាតិចតួចក៏ដោយ ព្រោះវាជាមេរោគប្រភេទថ្មីដែលមនុស្សមិនធ្លាប់ស្គាល់ និងមិនមានបទពិសោធពីមុនមក៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement