អ៊ីស្រាអែល ហាម​ធ្វើដំណើរ​ទៅមក រវាង​ប្រទេស​នេះ ជាមួយនឹង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប ព្រោះតែ​បារម្ភ​អំពី អូ​មី​ក្រុង (Omicron)

ការ​ធ្វើតេស្ត​រក​ កូវីដ-១៩ នៅ​ឯព្រលាន​យន្ត​ហោះ​ Ben-Gurion ក្នុង​តំបន់ Lod នៃ​ ប្រទេស​អ៊ីស្រាអែល​ កាលពីថ្ងៃទី ១៩ មករា​ ២០២១

ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី ១២ ធ្នូ បានប្រកាស​បន្ថែម​ប្រទេស​ចំនួន ៣ នៅ អឺរ៉ុប ទៅក្នុង​បញ្ជី «ក្រហម» ដែលមាន​ប្រទេស​ប្រមាណ ៥០ ភាគច្រើន​នៅ តំបន់​អាហ្វ្រិក ដែល​ពលរដ្ឋ​របស់​ប្រទេស​នេះ ត្រូវបាន​ហាម​មិនឱ្យ​ទៅមក ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង។

ប្រទេស​ចំនួន ៣ នៅ អឺរ៉ុប ដែល​ត្រូវបាន អ៊ីស្រាអែល ហាម​ការធ្វើដំណើរ​ទៅមក រួមមាន ប្រទេស​អង់គ្លេស, ដា​ណឺ​ម៉ាក និង បែលហ្ស៊ិក។ បម្រាម​ដែល​ទាក់ទិន​នឹង​ប្រទេស​ចំនួន ៣ នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១៥ ធ្នូ ២០២១។

មុន​នោះ ប្រទេស​អ៊ីស្រាអែល ក៏​បានចេញ​បទបញ្ជា ហាម​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​បរទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ និង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ពី ៣ ទៅ ៧ ថ្ងៃ ចំពោះ ពលរដ្ឋ​អ៊ីស្រាអែល ដែល​ធ្វើដំណើរ​ពី​ប្រទេសក្រៅ ចូលមក​ស្រុក។

បច្ចុប្បន្ន អ៊ីស្រាអែល បាន​រកឃើញ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ៥៥ នាក់ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង និង​រឹតបន្តឹង​វិធានការ​ការពារ ក្នុងនោះ​មានដូចជា ការតម្រូវ​ឱ្យ​ពាក់​ម៉ាស​ជាដើម៕

Advertisement